Dissemination Workshop on the Second Progress Report on the Implementation of the Transitional Master Plan on the Connection of Multipurpose Transport and Logistics in Cambodia 2020 via Remote Video
20 September 2021
លោកជំទាវរដ្ឋលេខាធិការ កុយ សុដានី អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពលើកទី២ស្តីពីការអនុវត្តផែនការមេអន្តរកាល ស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មនៅកម្ពុជាឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ
ថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពលើកទី២ ស្តីពីការអនុវត្តផែនការមេអន្តរកាល ស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មនៅកម្ពុជា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួង ទទួលបន្ទុក សិក្ខាកាមជាតិ និងអន្តរជាតិដែលញ្ជើញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ទីរសាធារណការរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនផងដែរ។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ ១. លទ្ធផលនៃការអភិវឌ្ឍន៍វិស័យភស្តុភាកម្មឆ្នាំ ២០១៩ ២.ការពិនិត្យទៅលើវឌ្ឍនភាពតាមវិស័យសំខាន់ៗដូចជា៖ វិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងវិស័យកំពង់ផែសម្រាប់ទិន្នន័យឆ្នាំ២០១៩ ៣. ប្រមូលធាតុចូលថ្មីៗពីភាគីពាក់ព័ន្ធទាំង ឡាយដើម្បីធ្វើបច្ចុប្បន្នភាពបញ្ហាប្រឈមនានា ៤. អ្នកចូលរួមនឹងទទួលបាននូវព័ត៌មានទាក់ទងនឹងវឌ្ឍនភាពវិស័យភស្តុភាកម្ម ក៏ដូចជាបញ្ហាប្រឈមដែលកើតមាននៅក្នុងការអនុវត្តប្រព័ន្ធភស្តុភាកម្មនៅកម្ពុជារយៈពេលមួយឆ្នាំកន្លងមកនេះ។
អង្គសិក្ខាកាមបានពិភាក្សាលើរបៀបវារៈមួយចំនួនរួមមាន៖ បទបង្ហាញអំពីក្របខណ្ឌចាំបាច់នៃការរៀបចំ របាយការណ៍អង្កេត និងវាយតម្លៃការអភិវឌ្ឍន៍វិស័យភស្តុភាកម្ម បទបង្ហាញអំពីរបាយការណ៍លើកទី២ ស្ដីពីការអនុវត្តផែនការមេអន្តរកាលស្ដីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភាកម្ម ឆ្នាំ២០២០ និងបទបង្ហាញស្ដីពីវឌ្ឍនភាពនៃការរៀបចំផែនការមេស្តីពីការភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោ បាយ និងភស្តុភាកម្ម។
ថ្លែងក្នុងសុន្ទរកថាបើក លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីការសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនរបស់ក្រសួងក្រោមការដឹកនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទោះបីប្រទេស ជាតិស្ថិតក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ-១៩ សមិទ្ធផលទាំងនោះរួមមាន៖ ការស្ដារការកែលម្អផ្លូវជាតិ ផ្លូវខេត្ត ផ្លូវល្បឿនលឿន ផ្លូវរថភ្លើង ស្ពាន ឆ្លងទន្លេ និងកំពង់ផែ ជាពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ដែលកាលពីពេលថ្មីៗនេះបានសម្ពោធការពង្រីកកំពង់ផែ LM១៧ ដែលជា សមិទ្ធផលថ្មីមួយទៀតរបស់ក្រសួង ក៏ដូចជារបស់រាជរដ្ឋាភិបាល។
លោកជំទាវបានបន្ថែមថា៖ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលបានបង្កើតឡើងទាំងនេះ បានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍វិស័យភស្តុភាកម្មក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានភាពរីក ចម្រើនថែមទៀត ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាវិស័យមួយដ៏សំខាន់ និងជាសរសៃឈាម ជួយជំរុញលំហូរពាណិជ្ជកម្ម និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ច្រកល្ហក់ពីមួយថ្ងៃទៅមួយថ្ងៃ៕