The 2nd Meeting of the National Logistics Council (NLC)
26 October 2020
នាថ្ងៃចន្ទ ១០កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិភ័ស្តុភារកម្មលើកទី២ ដើម្បីពិនិត្យលើ ១)កិច្ចព្រមព្រៀងក្របខ័ណ្ឌក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ និងដំណោះស្រាយបញ្ហាប្រឈមចាំបាច់មួយចំនួន និង២) វឌ្ឍនភាពនៃការរៀបចំសំណើគម្រោង “ការធ្វើឱ្យប្រសើរឡើងនូវច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបៃ ប៉ោយប៉ែត-អារញ្ញប្រាថេត ស្ទឹងបត់-បានណងអៀន និងព្រៃវល្លិ៍-ប៊ិញហៀប”។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនានា ដើម្បីពិនិត្យវឌ្ឍនភាពនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ការរៀបចំសំណើគម្រោង ធ្វើឱ្យប្រសើរឡើងនូវច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបៃ ប៉ោយប៉ែត-អារញ្ញប្រាថេត ស្ទឹងបត់-បានណងអៀន និងព្រៃវល្លិ៍-ប៊ិញហៀប” និងពិភាក្សាស្វែងរកដំណោះស្រាយកំពុងប្រឈម សំដៅឱ្យគម្រោងនេះប្រព្រឹត្តទៅដោយរលូន និងទទួលលទ្ធផលខ្ពស់តាមការគ្រោងទុក។
ថ្លែងក្នុងរបាយការណ៍នាពេលនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថាកិច្ចព្រមព្រៀងក្របខណ្ឌរវាងក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយក្រុមហ៊ុន YCH ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ត្រូវបានរៀបចំជាសេចក្ដីព្រាងរួចរាល់ ហើយដែល នឹងត្រូវកែសម្រួលឡើងវិញបន្ទាប់ពីទទួលបានធាតុចូលបន្ថែមទៀតពីអង្គប្រជុំ ធ្វើយ៉ាងណាឱ្យកិច្ចព្រមព្រៀងនេះមានខ្លឹមសារ និងវិសាលភាពឆ្លើយតបទៅនឹងកម្មវត្ថុនៃកិច្ចព្រមព្រៀង ព្រមទាំងផ្ដល់ប្រយោជន៍ដល់ជាតិមាតុភូមិ។
ដោយឡែកវឌ្ឍភាពនៃការរៀបចំគម្រោងធ្វើឱ្យប្រសើរឡើងនូវចក្រទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ ប៉ោយប៉ែត-អារញ្ញប្រាថេត ស្ទឹងបត់-បានណងអៀន និងព្រៃវល្លិ៍-ប៊ិញហៀប” ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបង្ហាញថា ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍-ប៊ិញហៀប (កម្ពុជា-វៀតណាម) ត្រូវបានសាងសង់អគាររដ្ឋបាលរួចរាល់ ព្រមទាំងបានដាក់ឱ្យដំណើរការបណ្ដោះអាសន្នផងដែរ។