1st Meeting of Joint Coordination Committee of The Project for Strengthening Facilitation Capacity for Logistics Improvement in Cambodia
06 March 2024
ទីស្ដីការក្រសួង៖ ថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការចម្រុះសម្រាប់សម្របសម្រួលការអនុវត្តគម្រោងស្តីពីការពង្រឹងសមត្ថភាពក្នុងការសម្របសម្រួលសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា ជំហានទី៣ (JCC-PhaseIII) និងលោក Tanaka Yukinari ប្រធានបេសកកម្មនៃស្នាក់ការកណ្ដាលទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មការចម្រុះសម្រាប់សម្របសម្រួល (JCC) អន្តរក្រសួង ដើម្បីពិនិត្យដំណើរការនៃការអនុវត្តគម្រោងស្តីពីការពង្រឹងសមត្ថភាពសម្របសម្រួលសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា សម្រាប់ជំហានទី៣ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវចរាចរណ៍ឆ្លងកាត់ព្រំដែន និងការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ដោយមានសមាសភាពគណៈកម្មការគម្រោង ដែលមានការចូលរួមសរុបចំនួន ៧០រូប។
លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានជម្រាបជូនអង្គប្រជុំស្តីពីវឌ្ឍនភាពការងារគម្រោងធ្វើឱ្យប្រសើរប្រព័ន្ធភស្តុភារកម្មកម្ពុជា ដែលមាន០៣ដំណាក់កាល៖ ដំណាក់កាលទី០១ បានចាប់ផ្ដើមអនុវត្តពីឆ្នាំ២០១៨ ដល់ ដើមឆ្នាំ២០២០, ដំណាក់កាលទី២ បានអនុវត្តពីចុងឆ្នាំ២០២០ ដល់ ឆ្នាំ២០២៣ និងដំណាក់ទី៣ គ្រោងអនុវត្តរយៈពេល ០៣ឆ្នាំ គិតចាប់ពីដើមឆ្នាំ២០២៤ រហូតដល់ ឆ្នាំ២០២៧។
អង្គប្រជុំបានផ្តោតការពិភាក្សាលម្អិតលើផែនការសកម្មភាពអនុវត្តគម្រោងទាំងផ្នែកទន់ និងផ្នែករឹង (Soft&Hard) រួមជាមួយការតាមដានការអនុវត្តគម្រោងជាច្រើន ក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ (CITLS-MP) ដែលរាជរដ្ឋាភិបាលបានអនុម័តកាលទី២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។ គម្រោងនេះមានគោលបំណងសំខាន់ៗ រួមមាន៖ (១) ការរៀបចំផែនការ និងការវិភាគដោយផ្អែកលើទិន្នន័យភស្តុភារកម្មកម្ពុជា ការតាមដានរបាយការណ៍ភស្តុភារកម្មប្រចាំឆ្នាំ និងការតាមដានការអនុវត្តគោលនយោបាយលើការដឹកជញ្ជូន និងភស្តុភារកម្ម វឌ្ឍនភាពការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ (CITLS-MP) (២) ការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងការដឹកជញ្ជូនទំនិញ តាមផ្លូវគោកនិងផ្លូវរថភ្លើង ការរៀបចំបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការដឹកជញ្ជូនទំនិញគ្រោះថ្នាក់ និង (៣) ការសម្របសម្រួលចរាចរណ៍ឆ្លងកាត់ព្រំដែនតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ។ គម្រោងមានរយៈពេលអនុវត្តចំនួន ០៣ឆ្នាំ (២០២៤- ២០២៧)។
បន្ទាប់ពីកិច្ចពិភាក្សាអង្គប្រជុំបានសំណូមពរ (១) ស្នើសុំឱ្យមានការសិក្សាបឋមស្តីពីការសាងសង់ស្ថានីយរថភ្លើងអន្តរជាតិនៅស្ទឹងបត់ (២) សិក្សារៀបចំជាគោលនយោបាយមជ្ឈមណ្ឌលភស្តុភារកម្មប្រចាំតំបន់ (៣) បន្តពង្រឹងសមត្ថភាពមន្ត្រីក្នុងវិស័យភស្តុភារកម្ម ។
បន្ថែមពីលើនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ ជំរុញឱ្យក្រុមការងារទាំងអស់បន្តកិច្ចសហការបន្ថែមទៀតដើម្បីជំរុញការអនុវត្តគម្រោងឱ្យទទួលបានជោគជ័យ សំដៅលើកកម្ពស់និងធ្វើឱ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូន និងភស្ដុភារកម្មកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត៕