MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

កិច្ចប្រជុំលើកទី១ នៃគណៈកម្មការចម្រុះសម្រាប់សម្របសម្រួលការអនុវត្តគម្រោងស្តីពីការពង្រឹងសមត្ថភាពក្នុងការសម្របសម្រួលសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា

០៦ មីនា ២០២៤

ទីស្ដីការ​ក្រសួង៖ ថ្ងៃព្រហស្បតិ៍ ទី​៧ ខែមីនា ឆ្នាំ​២០២៤ ​លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការ​ប្រចាំ​ការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ​សម្រាប់​សម្របសម្រួល​ការអនុវត្ត​គម្រោង​ស្តីពី​ការពង្រឹង​សមត្ថភាព​ក្នុង​ការសម្របសម្រួល​សម្រាប់​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ភស្តុភារ​កម្ម​កម្ពុជា ជំហាន​ទី​៣ (JCC-PhaseIII) និង​លោក Tanaka Yukinari ប្រធាន​បេសកកម្ម​នៃ​ស្នាក់ការ​កណ្ដាល​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) បាន​អញ្ជើញ​ជា​សហ​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​១ របស់​គណៈកម្មការ​ចម្រុះ​សម្រាប់​សម្របសម្រួល (JCC) អន្តរ​ក្រសួង ដើម្បី​ពិនិត្យ​ដំណើរការ​នៃ​ការអនុវត្ត​គម្រោង​ស្តីពី​ការពង្រឹង​សមត្ថភាព​សម្របសម្រួល​សម្រាប់​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ភស្តុភារ​កម្ម​កម្ពុជា សម្រាប់​ជំហាន​ទី​៣ ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ចរាចរណ៍​ឆ្លងកាត់​ព្រំដែន និង​ការដឹកជញ្ជូន​តាម​ផ្លូវគោក ផ្លូវ​ដែក និង​ផ្លូវ​ទឹក ដោយ​មាន​សមាសភាព​គណៈកម្មការ​គម្រោង ដែល​មាន​ការចូលរួម​សរុប​ចំនួន​ ៧០​រូប​។

លោកជំទាវ​រដ្ឋលេខាធិការ​ប្រចាំ​ការ បាន​ជម្រាប​ជូន​អង្គប្រជុំ​ស្តីពី​វឌ្ឍនភាព​ការងារ​គម្រោង​ធ្វើឱ្យ​ប្រសើរ​ប្រព័ន្ធ​ភស្តុភារ​កម្ម​កម្ពុជា ដែល​មាន​០៣​ដំណាក់កាល៖ ដំណាក់កាល​ទី​០១ បាន​ចាប់ផ្ដើម​អនុវត្ត​ពី​ឆ្នាំ​២០១៨ ដល់ ដើម​ឆ្នាំ​២០២០​, ដំណាក់កាល​ទី​២ បាន​អនុវត្ត​ពី​ចុង​ឆ្នាំ​២០២០ ដល់ ឆ្នាំ​២០២៣ និង​ដំណាក់​ទី​៣ គ្រោង​អនុវត្ត​រយៈពេល ០៣​ឆ្នាំ គិត​ចាប់ពី​ដើម​ឆ្នាំ​២០២៤ រហូតដល់ ឆ្នាំ​២០២៧​។

អង្គប្រជុំ​បាន​ផ្តោត​ការពិភាក្សា​លម្អិត​លើ​ផែនការ​សកម្មភាព​អនុវត្ត​គម្រោង​ទាំង​ផ្នែក​ទន់ និង​ផ្នែក​រឹង (Soft&Hard) រួម​ជាមួយ​ការតាមដាន​ការអនុវត្ត​គម្រោង​ជាច្រើន ក្នុង​ផែនការ​មេ​គ្រប់​ជ្រុងជ្រោយ​ស្ដីពី​ប្រព័ន្ធ​ដឹកជញ្ជូន​អន្តរមធ្យោបាយ និង​ភស្តុភារ​កម្ម​កម្ពុជា ២០២៣​-​២០៣៣ (CITLS-MP) ដែល​រាជ​រដ្ឋាភិបាល​បាន​អនុម័ត​កាល​ទី​២ ​ខែសីហា ឆ្នាំ​២០២៣ កន្លងទៅ​។ គម្រោង​នេះ​មាន​គោលបំណង​សំខាន់​ៗ រួមមាន៖ (​១​) ការរៀបចំ​ផែនការ និង​ការវិភាគ​ដោយ​ផ្អែក​លើ​ទិន្នន័យ​ភស្តុភារ​កម្ម​កម្ពុជា ការតាមដាន​របាយការណ៍​ភស្តុភារ​កម្ម​ប្រចាំ​ឆ្នាំ និង​ការតាមដាន​ការអនុវត្ត​គោលនយោបាយ​លើ​ការដឹកជញ្ជូន និង​ភស្តុភារ​កម្ម វឌ្ឍនភាព​ការអនុវត្ត​ផែនការ​មេ​គ្រប់​ជ្រុងជ្រោយ​ស្ដីពី​ប្រព័ន្ធ​ដឹកជញ្ជូន​អន្តរមធ្យោបាយ និង​ភស្តុភារ​កម្ម​កម្ពុជា ២០២៣​-​២០៣៣ (CITLS-MP) (​២​) ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​ការដឹកជញ្ជូន​ទំនិញ តាម​ផ្លូវគោក​និង​ផ្លូវ​រថភ្លើង ការរៀបចំ​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ និង​ការដឹកជញ្ជូន​ទំនិញ​គ្រោះថ្នាក់ និង (​៣​) ការសម្របសម្រួល​ចរាចរណ៍​ឆ្លងកាត់​ព្រំដែន​តាម​ផ្លូវគោក ផ្លូវ​ទឹក និង​ផ្លូវ​ដែក​ ។ ​គម្រោង​មាន​រយៈពេល​អនុវត្ត​ចំនួន ០៣​ឆ្នាំ (២០២៤​- ២០២៧​)​។

បន្ទាប់ពី​កិច្ចពិភាក្សា​អង្គប្រជុំ​បាន​សំណូមពរ (​១​) ស្នើសុំ​ឱ្យ​មាន​ការសិក្សា​បឋម​ស្តីពី​ការសាងសង់​ស្ថានីយ​រថភ្លើង​អន្តរជាតិ​នៅ​ស្ទឹង​បត់ (​២​) សិក្សា​រៀបចំ​ជា​គោលនយោបាយ​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ប្រចាំ​តំបន់ (​៣​) បន្ត​ពង្រឹង​សមត្ថភាព​មន្ត្រី​ក្នុង​វិស័យ​ភស្តុភារ​កម្ម ។

បន្ថែម​ពីលើ​នេះ លោកជំទាវ​រដ្ឋលេខាធិការ​ប្រចាំ​ការ ជំរុញ​ឱ្យ​ក្រុម​ការងារ​ទាំងអស់​បន្ត​កិច្ចសហការ​បន្ថែម​ទៀត​ដើម្បី​ជំរុញ​ការអនុវត្ត​គម្រោង​ឱ្យ​ទទួលបាន​ជោគជ័យ សំដៅ​លើកកម្ពស់​និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​វិស័យ​ដឹកជញ្ជូន និង​ភស្ដុ​ភារកម្ម​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាពរីកចម្រើន​ថែម​ទៀត​៕

កម្រងរូបភាព