Dissemination Workshop of the Annual Report on the Implementation of the Cambodia Interim Master Plan on Intermodal Transport and Logistics Connectivity in 2021
14 July 2022
ថ្ងៃព្រហស្បតិ៍ ០១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីក្រសួង លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលរបាយការណ៍ប្រចាំឆ្នាំស្តីពីការអនុវត្តផែនការមេអន្តរកាលទាក់ទងនឹងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មនៅកម្ពុជា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន (JICA) និងតំណាងវិស័យឯកជនសរុបប្រមាណ១០០នាក់។
សិក្ខាសាលានេះ បានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយលទ្ធផលរបាយការណ៍ប្រចាំឆ្នាំស្តីពីការអនុវត្តផែនការមេអន្តរកាលទាក់ទងនឹងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មនៅកម្ពុជា ឆ្នាំ២០២១ ក៏ដូចជាដើម្បីបង្ហាញពីវឌ្ឍនភាពវិស័យភស្តុភារកម្មនៅកម្ពុជា ដែលរួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាដូចជាការស្តារ និងកែលម្អផ្លូវជាតិ ផ្លូវខេត្ត ផ្លូវល្បឿនលឿន ផ្លូវរថភ្លើង ស្ពានឆ្លងទន្លេ ក៏ដូចជាវិស័យកំពង់ផែធំៗទាំងពីរ (កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ) សំដៅកាត់បន្ថយថ្លៃចំណាយ និងពេលវេលា ក្នុងវិស័យភស្តុភារកម្ម និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើធុរកិច្ចនៅកម្ពុជា។
សិក្ខាសាលានេះមានការចូលរួមធ្វើបទអន្តរាគមន៍សំខាន់ៗមួយចំនួនដូចជា៖ (១) ក្របខណ្ឌចាំបាច់នៃការរៀបចំរបាយការណ៍អង្កេត និងវាយតម្លៃការអភិវឌ្ឍវិស័យភស្តុភារកម្ម (២) លទ្ធផលនៃរបាយការណ៍វឌ្ឍនភាពលើកទី២ស្តីពីការអនុវត្តផែនការមេអន្តរកាលទាក់ទងនឹងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មនៅកម្ពុជាឆ្នាំ២០២១ (៣) របាយការណ៍សិក្សាអំពីថ្លៃចំណាយ ពេលវេលា និងភាពជឿទុកចិត្តលើការដឹកជញ្ជូនទំនិញក្នុង និងក្រៅប្រទេស និង(៤) វឌ្ឍនភាពនៃការរៀបចំផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម។
លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គភាពក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូនទាំងអស់ រដ្ឋបាលសាលាខេត្តពាក់ព័ន្ធ និងវិស័យឯកជន ដែលកន្លងមក និងជានិច្ចកាលបានសហការផ្តល់ទិន្នន័យ និងធាតុចូលដ៏សំខាន់ៗសម្រាប់ការរៀបចំចងក្រងរបាយការណ៍នេះឡើង។
លើសពីនេះទៀត លោកជំទាវបានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានភស្តុភារកម្ម ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរបស់នាយកដ្ឋានអង្កេត និងបូកសរុបទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតីតាមជំនាញរៀងៗខ្លួន ក្នុងការរៀបចំរបាយការណ៍ប្រចាំឆ្នាំនេះឡើង ដែលជារបាយការណ៍ប្រចាំឆ្នាំលើកដំបូង ដោយប្រើប្រាស់ធនធានសមត្ថភាពរបស់នាយកដ្ឋាន និងដោយមានកិច្ចសហការ ឬការជួយគាំទ្រផ្នែកបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងក្របខណ្ឌនៃគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស ដំណាក់កាលទីពីរ(Technical Cooperation Project - Phase II)។