MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

សិក្ខាសាលា​ផ្សព្វផ្សាយ​លទ្ធផល​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្តីពី​ការអនុវត្ត​ផែនការ​មេអន្តរ​កាល​ទាក់ទង​នឹង​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ និង​ភស្តុភារ​កម្ម​នៅ​កម្ពុជា​ឆ្នាំ​២០២១

១៤ កក្កដា ២០២២

ថ្ងៃព្រហស្បតិ៍ ០១​រោច ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ព.ស.២៥៦៦ ​ត្រូវនឹង​ថ្ងៃទី​១៤ ខែកក្កដា ​ឆ្នាំ​២០២២ នៅ​ទីស្តីក្រសួង លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​លទ្ធផល​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្តីពី​ការអនុវត្ត​ផែនការ​មេអន្តរ​កាល​ទាក់ទង​នឹង​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ និង​ភស្តុភារ​កម្ម​នៅ​កម្ពុជា ឆ្នាំ​២០២១ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​រាជធានី​-​ខេត្ត មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​-​ខេត្ត ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ ជប៉ុន (JICA) និង​តំណាង​វិស័យ​ឯកជន​សរុប​ប្រមាណ​១០០​នាក់​។

សិក្ខាសាលា​នេះ បាន​រៀបចំឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​លទ្ធផល​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្តីពី​ការអនុវត្ត​ផែនការ​មេអន្តរ​កាល​ទាក់ទង​នឹង​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ និង​ភស្តុភារ​កម្ម​នៅ​កម្ពុជា ឆ្នាំ​២០២១ ក៏​ដូចជា​ដើម្បី​បង្ហាញ​ពី​វឌ្ឍនភាព​វិស័យ​ភស្តុភារ​កម្ម​នៅ​កម្ពុជា ដែល​រួមមា​ន៖ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​នានា​ដូចជា​ការស្តារ និង​កែលម្អ​ផ្លូវ​ជាតិ ផ្លូវ​ខេត្ត ផ្លូវ​ល្បឿន​លឿន ផ្លូវ​រថភ្លើង ស្ពាន​ឆ្លង​ទន្លេ ក៏​ដូចជា​វិស័យ​កំពង់ផែ​ធំ​ៗ​ទាំង​ពីរ (​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​) សំដៅ​កាត់បន្ថយ​ថ្លៃ​ចំណាយ និង​ពេលវេលា ក្នុង​វិស័យ​ភស្តុភារ​កម្ម និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​។

សិក្ខាសាលា​នេះ​មាន​ការចូលរួម​ធ្វើ​បទ​អន្តរាគមន៍​សំខាន់​ៗ​មួយចំនួន​ដូច​ជា៖ (​១​) ក្របខណ្ឌ​ចាំបាច់​នៃ​ការរៀបចំ​របាយការណ៍​អង្កេត និង​វាយតម្លៃ​ការអភិវឌ្ឍ​វិស័យ​ភស្តុភារ​កម្ម (​២​) លទ្ធផល​នៃ​របាយការណ៍​វឌ្ឍនភាព​លើក​ទី​២​ស្តីពី​ការអនុវត្ត​ផែនការ​មេអន្តរ​កាល​ទាក់ទង​នឹង​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ និង​ភស្តុភារ​កម្ម​នៅ​កម្ពុជា​ឆ្នាំ​២០២១ (​៣​) របាយការណ៍​សិក្សា​អំពី​ថ្លៃ​ចំណាយ ពេលវេលា និង​ភាព​ជឿ​ទុកចិត្ត​លើ​ការដឹកជញ្ជូន​ទំនិញ​ក្នុង និង​ក្រៅ​ប្រទេស និង​(​៤​) វឌ្ឍនភាព​នៃ​ការរៀបចំ​ផែនការ​មេស្តីពី​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ និង​ភស្តុភារ​កម្ម​។

លោកជំទាវ​រដ្ឋលេខាធិការ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការចូលរួម​របស់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អង្គភាព​ក្រោម​ឱវាទ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ទាំងអស់ រដ្ឋបាល​សាលា​ខេត្ត​ពាក់ព័ន្ធ និង​វិស័យ​ឯកជន ដែល​កន្លងមក និង​ជានិច្ចកាល​បាន​សហការផ្តល់​ទិន្នន័យ និង​ធាតុ​ចូល​ដ៏​សំខាន់​ៗ​សម្រាប់​ការរៀបចំ​ចងក្រង​របាយការណ៍​នេះ​ឡើង​។

លើស​ពី​នេះ​ទៀត លោកជំទាវ​បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​កិច្ចខិតខំប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ និង​មន្រ្តី​រាជការ​នៃ​អគ្គ​នាយកដ្ឋាន​ភស្តុភារ​កម្ម ព្រមទាំង​ថ្នាក់ដឹកនាំ មន្រ្តី​របស់​នាយកដ្ឋាន​អង្កេត និង​បូកសរុប​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​ភារកិច្ច​អស់​ពី​កម្លាំង​កាយ​ចិត្ត ប្រាជ្ញា និង​ស្មារតី​តាម​ជំនាញ​រៀង​ៗ​ខ្លួន ក្នុង​ការរៀបចំ​របាយការណ៍​ប្រចាំ​ឆ្នាំ​នេះ​ឡើង ដែល​ជា​របាយការណ៍​ប្រចាំ​ឆ្នាំ​លើក​ដំបូង ដោយ​ប្រើប្រាស់​ធនធាន​សមត្ថភាព​របស់​នាយកដ្ឋាន និង​ដោយ​មាន​កិច្ចសហការ ឬ​ការជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ក្នុង​ក្របខណ្ឌ​នៃ​គម្រោង​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស ដំណាក់កាល​ទី​ពីរ​(Technical Cooperation Project - Phase II)​។

Image Album of Workshop