Handover Ceremony of Transport Management System (TMS) under ROK ODA
26 October 2023
ពិធីប្រគល់-ទទួលប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូន (Transport Management System)
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់-ទទួលប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូន(TMS) ក្រោមការអនុវត្តគម្រោង “រៀបចំផែនការមេទំនើបកម្មប្រព័ន្ធភស្តុភារកម្មកម្ពុជា និងគម្រោងអនុវត្តសាកល្បង” ក្រោមក្របខណ្ឌជំនួយអភិវឌ្ឍន៍ផ្លូវការតាមរយៈក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ។ ពិធីប្រគល់-ទទួល នេះមានការចូលរួមពីតំណាងអង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន គណៈប្រតិភូកូរ៉េ និងតំណាងវិស័យឯកជន មកពីសមាគមភស្តុភារកម្មកម្ពុជា។
គម្រោង “រៀបចំផែនការមេទំនើបកម្មប្រព័ន្ធភស្តុភារកម្មកម្ពុជា និងគម្រោងអនុវត្តសាកល្បង” នៅដំណាក់កាលទី១ បានផ្ដល់កំណល់ទ្រទំនិញ (Pallet) ស្ដង់ដារ ចំនួន ២០០០ មកក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីប្រើប្រាស់ និងចែកជូនទៅភាគីពាក់ព័ន្ធ។ នៅដំណាក់កាលទី២ ខែធ្នូ ឆ្នាំ២០២២ គម្រោងបានផ្ដល់ប្រព័ន្ធផតថលព័ត៌មានភស្តុភារកម្មជាតិកម្ពុជា មកក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងវិស័យភស្តុភារកម្មនៅប្រទេសកម្ពុជា ជូនទៅកាន់សាធារណជន។
នាថ្ងៃនេះ ដំណាក់កាលទី៣ គម្រោងនេះបានផ្ដល់ ប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូន មក ក្រសួងសាធារណការ និងដឹកជញ្ជូន។ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានយល់ឃើញនូវសក្ដានពលនៃប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូនទំនើបកម្មប្រព័ន្ធភស្តុភារកម្ម ទើបក្រសួងបានផ្តល់ជូនប្រព័ន្ធគ្រប់គ្រងនេះទៅសមាគមភស្តុភារកម្ម ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងវិស័យឯកជន។ ប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូនត្រូវបានអភិវឌ្ឍន៍ឡើងដើម្បី សម្រួលការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ដោយសម្របសម្រួលដល់ការទំនាក់ទំនងរវាងក្រុមហ៊ុនដឹកជញ្ជូន អ្នកដឹកជញ្ជូន និងអ្នកទទួលទំនិញ។ លើសពីនេះ ប្រព័ន្ធនេះមានគោលបំណងធ្វើឱ្យអ្នកប្រតិបត្តិការអាចតាមដានរំហូរនៃការដឹក ដោយធានានូវការដឹកជញ្ជូនទាន់ពេលវេលា និងការពេញចិត្តដល់អតិថិជន។