MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

ពិធី​ប្រគល់​-​ទទួល​ប្រព័ន្ធ​គ្រប់គ្រង​ការដឹកជញ្ជូន (Transport Management System)

២៦ តុលា ២០២៣

ភ្នំពេញ៖ នា​ព្រឹក​ថ្ងៃព្រហស្បតិ៍​១២​កើត ខែ​អស្សុជ ឆ្នាំ​ថោះ បញ្ចស័ក ព​.ស ២៥៦៧​ត្រូវនឹង​ថ្ងៃទី​២៦ ខែតុលា ​ឆ្នាំ​២០២៣ ឯកឧត្តម ហេង​ ណន រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ​ពោធិ៍​នា រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ប្រគល់​-​ទទួល​ប្រព័ន្ធ​គ្រប់គ្រង​ការដឹកជញ្ជូន​(TMS) ក្រោម​ការអនុវត្ត​គម្រោង​ “​រៀបចំ​ផែនការ​មេទំនើបកម្ម​ប្រព័ន្ធ​ភស្តុភារ​កម្ម​កម្ពុជា និង​គម្រោង​អនុវត្ត​សាកល្បង​” ក្រោម​ក្របខណ្ឌ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​តាមរយៈ​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹកជញ្ជូន នៃ​សាធារណរដ្ឋ​កូរ៉េ​។ ពិធី​ប្រគល់​-​ទទួល នេះ​មាន​ការចូលរួម​ពី​តំណាង​អង្គភាព​ពាក់ព័ន្ធ ក្រោម​ឱវាទ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គណៈប្រតិភូ​កូរ៉េ និង​តំណាង​វិស័យ​ឯកជន មកពី​សមាគម​ភស្តុភារ​កម្ម​កម្ពុជា​។

គម្រោង “​រៀបចំ​ផែនការ​មេទំនើបកម្ម​ប្រព័ន្ធ​ភស្តុភារ​កម្ម​កម្ពុជា និង​គម្រោង​អនុវត្ត​សាកល្បង​” នៅ​ដំណាក់កាល​ទី​១ បាន​ផ្ដល់​កំណល់​ទ្រ​ទំនិញ (Pallet) ស្ដង់ដារ ចំនួន​ ២០០០ ​មក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ប្រើប្រាស់ និង​ចែកជូន​ទៅ​ភាគី​ពាក់ព័ន្ធ​។ នៅ​ដំណាក់កាល​ទី​២ ខែធ្នូ ឆ្នាំ​២០២២ គម្រោង​បាន​ផ្ដល់​ប្រព័ន្ធ​ផត​ថល​ព័ត៌មាន​ភស្តុភារ​កម្ម​ជាតិ​កម្ពុជា មក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​ភស្តុភារ​កម្ម​នៅ​ប្រទេស​កម្ពុជា ជូន​ទៅកាន់​សាធារណជន​។

នា​ថ្ងៃ​នេះ ដំណាក់កាល​ទី​៣ ​គម្រោង​នេះ​បាន​ផ្ដល់ ប្រព័ន្ធ​គ្រប់គ្រង​ការដឹកជញ្ជូន មក ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​យល់ឃើញ​នូវ​សក្ដានពល​នៃ​ប្រព័ន្ធ​គ្រប់គ្រង​ការដឹកជញ្ជូន​ទំនើបកម្ម​ប្រព័ន្ធ​ភស្តុភារ​កម្ម ទើប​ក្រសួង​បាន​ផ្តល់​ជូន​ប្រព័ន្ធ​គ្រប់គ្រង​នេះ​ទៅ​សមាគម​ភស្តុភារ​កម្ម ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​វិស័យ​ឯកជន​។ ប្រព័ន្ធ​គ្រប់គ្រង​ការដឹកជញ្ជូន​ត្រូវបាន​អភិវឌ្ឍន៍​ឡើង​ដើម្បី សម្រួល​ការគ្រប់គ្រង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ ដោយ​សម្របសម្រួល​ដល់​ការទំនាក់ទំនង​រវាង​ក្រុមហ៊ុន​ដឹកជញ្ជូន អ្នកដឹកជញ្ជូន និង​អ្នកទទួល​ទំនិញ​។ លើស​ពី​នេះ ប្រព័ន្ធ​នេះ​មាន​គោលបំណង​ធ្វើឱ្យ​អ្នកប្រតិបត្តិការ​អាច​តាមដាន​រំហូរ​នៃ​ការដឹក ដោយ​ធានា​នូវ​ការដឹកជញ្ជូន​ទាន់​ពេលវេលា និង​ការពេញចិត្ត​ដល់​អតិថិជន​។

កម្រងរូបភាព