គោលដៅនៃផែនការមេ
គោលដៅនៃ “ផែនការមេអន្តរកាលស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្ម” មានដូចខាងក្រោម៖
- ផ្លាស់ប្តូរប្រព័ន្ធដឹកជញ្ជូនមិនគ្រប់គ្រាន់នៅក្នុងប្រទេសកម្ពុជា ទៅជាហេដ្ឋារចនាសម្ព័ន្ធដែលមានភាពគ្រប់ជ្រុងជ្រោយ, មានការអភិវឌ្ឍពេញលេញ, មានគុណភាពខ្ពស់, និងមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងប្រព័ន្ធដឹកជញ្ជូនថ្នាក់ជាតិប្រកបដោយនិរន្ដរភាព ដើម្បីសម្របសម្រួលជាមួយនឹងកំណើនប្រជាជន និងកំណើនការងារសម្រាប់ប្រជាជនគ្រប់គ្នានៅត្រឹមឆ្នាំ២០៣០
- បង្កើនការធ្វើសមាហរណកម្មតំបន់ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សាកល តាមរយៈការដឹកជញ្ជូនដោយរលូន និងការតភ្ជាប់កម្រិតខ្ពស់ នៅក្នុងមហាអនុតំបន់មេគង្គ (GMS)
- បង្កើនការប្រកួតប្រជែងផ្នែកឧស្សាហកម្ម តាមរយៈការបង្កើតបណ្តាញផលិតកម្មដ៏រឹងមាំ, ការដឹកជញ្ជូនប្រកបដោយប្រសិទ្ធិភាព ក្រោមរូបភាពជាបណ្តាញនិងមជ្ឈមណ្ឌលចែកចាយ, និងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនចម្រុះ (ពហុរូបភាព)
- កំណត់ថាការដឹកជញ្ជូនតាមផ្លូវដែក និងតាមផ្លូវទឹក ជាវិស័យអាទិភាពដែលបំពេញបន្ថែមទៅការដឹកជញ្ជូនតាមផ្លូវគោក ហើយតាមរយៈនេះ កំណត់និងបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូននិងមជ្ឈមណ្ឌលភ័ស្តុភារកម្ម (Transport and Logistics Hubs) ជាប្រការចាំបាច់ សម្រាប់តភ្ជាប់ដោយរលូន រវាងមធ្យោបាយដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវដែក
- បង្កើនការប្រកួតប្រជែងផ្នែកភ័ស្តុភារកម្ម តាមរយៈសេវាភ័ស្ដុភារកម្មដែលមានគុណភាពខ្ពស់, ពិពិធកម្ម, និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្សេងៗគ្នា
- រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងការចូលរួមវិភាគទានដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្ដរភាព ដោយជួយសម្របសម្រួលចលនារបស់ប្រជាជន, ទំនិញ, និងសេវាកម្ម តាមរយៈការជំរុញទីផ្សារក្នុងស្រុក និងលើកកម្ពស់វិស័យទេសចរណ៍ ព្រមទាំងការអភិវឌ្ឍជនបទ
- លើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ទៅនឹងមជ្ឈមណ្ឌលសេដ្ឋកិច្ចនានា នៅក្នុងប្រទេស និងការធ្វើឱ្យប្រសើរឡើងនូវការធ្វើចរាចរណ៍មធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ។