អំពីក្រុមប្រឹក្សាជាតិភស្តុភារកម្ម
ក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម ជាសេនាធិការឱ្យរាជរដ្ឋាភិបាល ដើម្បីដឹកនាំ គ្រប់គ្រង និងជំរុញការអភិវឌ្ឍវិស័យភ័ស្តុភារកម្មនៃប្រទេសកម្ពុជា។
ភ័ស្តុភារកម្ម សំដៅដល់ការរួមបញ្ចូលគ្នាក្នុងការរៀបចំបែបបទ ការចាត់ចែង ការសម្របសម្រួល និងការអភិវឌ្ឍធាតុសំខាន់ដូចខាងក្រោម៖
- ប្រព័ន្ធសម្របសម្រួល បែបបទទំនិញចេញ ចូល និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន
- ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងពាណិជ្ជកម្ម មានជាអាទិ៍ ផ្លូវគោក ផ្លូវដែក ផ្លូវសមុទ្រ ផ្លូវទឹក ផ្លូវអាកាស កំពង់ផែ
- សមត្ថភាព និងគុណភាពនៃស្ថាប័នផ្ដល់សេវាភ័ស្តុភារកម្ម មានជាអាទិ៍ ស្ថាប័នដែលពាក់ព័ន្ធនឹងការធ្វើចរាចរណ៍ ការទុកដាក់ ការចែកចាយ និងការឆ្លងកាត់ទំនិញ
- ការផ្ដល់សេវាភ័ស្តុភារកម្មទាន់ពេលវេលា និងប្រកបដោយទំនុកចិត្ត
- ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញប្រកបដោយតម្លៃប្រកួតប្រជែងទៅទីផ្សារអន្តរជាតិ
- ប្រព័ន្ធព័ត៌មានតាមដានរំហូរនៃការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ។
ក្រុមប្រឹក្សាជាតិភ័ស្តុភារកម្មមានតួនាទីនិងភារកិច្ច ដូចខាងក្រោម៖
- ផ្តល់គោលការណ៍ណែនាំ ក្នុងការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ ផែនការមេផែនការសកម្មភាព និងលិខិតបទដ្ឋានគតិយុត្ត ក្នុងការគ្រប់គ្រង ប្រតិបត្តិ និងអភិវឌ្ឍវិស័យភស្តុភារកម្មនៃព្រះរាជាណាចក្រកម្ពុជា
- សម្របសម្រួលនិងត្រតពិនិត្យចុងក្រោយ នូវយុទ្ធសាស្រ្ត ផែនការមេ ផែនការ សកម្មភាព និងលិខិតបទដ្ឋានគតិយុត្តវិស័យភស្តុភារកម្ម មុននឹងដាក់ជូន រាជរដ្ឋាភិបាលពិនិត្យនិងសម្រេច
- កំណត់អាទិភាពការអភិវឌ្ឍវិស័យភស្តុភារកម្ម រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង
- កៀរគរការគាំទ្រ ធនធានហិរញ្ញវត្ថុ បច្ចេកទេស និងធនធានមនុស្ស ដែលជា តម្រូវការចាំបាច់ ដើម្បីជំរុញការអភិវឌ្ឍវិស័យភស្តុភារកម្ម
- ត្រួតពិនិត្យការអនុវត្តការងារ និងផ្តល់អនុសាសន៍ណែនាំ ដើម្បីដោះស្រាយ បញ្ហានានានៅក្នុងវិស័យភស្តុភារកម្ម
- ទទួលអនុវត្តភារកិច្ចផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលប្រគល់ជូន។