MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

កំពង់ផែ

នៅ​ប្រទេស​កម្ពុជា បណ្តាញ​ដឹកជញ្ជូន​ផ្លូវ​ទឹក រួមមាន​ទន្លេ​មេគង្គ ទន្លេ​សាប និង​ទន្លេ​បាសាក់ ដែល​មាន​ប្រវែង​សរុប​ ១.៧៥០ ​គីឡូម៉ែត្រ​។ បណ្តាញ​ដឹកជញ្ជូន​ផ្លូវ​ទឹក​ទំាង​នេះ​បាន​នឹង​កំពុង​ជួយ​សម្រួល​ដល់​ចរាចរណ៍​តាម​នាវា ដូចជា​ការដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​វៀតណាម​។ ប្រទេស​កម្ពុជា​មាន​កំពង់ផែ​ចំនួន​ ១០៣ ​ក្នុង​នោះ ២៦ ជា​កំពង់ផែ​សមុទ្រ និង ៧៧ ជា​កំពង់ផែ​ទន្លេ​។ កំពង់ផែ​ទន្លេ​នេះ​មាន​ទីតាំង​នៅ​តាម​ដងទន្លេ​មេគង្គ ទន្លេ​សាប និង​ទន្លេ​បាសាក់​។ ក្នុង​ចំណោម​កំពង់ផែ​ទាំងនេះ មាន​កំពង់ផែ​អន្តរជាតិ​ចំនួន​ពីរ គឺ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) និង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ (PAS)​។ PPAP ជា​កំពង់ផែ​ធំ​ទី​២​ក្នុង​ប្រទេស​កម្ពុជា ដែល​ស្ថិត​នៅ​ចំណុច​ប្រសព្វ​នៃ​ទន្លេ​បាសាក់ ទន្លេ​មេគង្គ និង​ទន្លេ​សាប​។ វា​ជា​កំពង់ផែ​ទន្លេ​តែ​មួយ​គត់​ដែល​មាន​សមត្ថភាព​ទទួល​កប៉ាល់​ធំ​ៗ​ពី ៣​.០០០ ​តោន ទៅ ៥.០០០ ​តោន​ក្នុង​រដូវ​ប្រាំង និង​រដូវ​វស្សា​។ PPAP នៅតែ​ជា​កំពង់ផែ​ទន្លេ​ដ៏​សំខាន់​សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ ក៏​ដូចជា​សម្រាប់​ការដឹកជញ្ជូន​ក្នុង​ស្រុក​។ PPAP មាន​ផែនការ​អនុវត្តន៍​គម្រោង​ពង្រីក​ទីធ្លា​កុងតឺន័រ​នៅ​ស្ថានីយ​កុងតឺន័រ LM17​។

ផែនទី​នៃ​ការអភិវឌ្ឍ​ស្ថានីយ​កុងតឺន័រ LM17

ports.png

PAS គឺជា​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​តែ​មួយ​គត់​របស់​ប្រទេស​កម្ពុជា ដែល​មាន​ផ្ទៃដី​ ១២៥ ​ហិកតា និង​ស្ថិត​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​កម្ពុជា​ក្នុង​ខេត្ត​ព្រះសីហនុ​។ វា​ជា​កំពង់ផែ​ធំ​បំផុត​របស់​ប្រទេស​ដែល​មាន​សមត្ថភាព​ផ្ទុក​ប្រហែល ៧០០.​០០០ TEU ក្នុង​មួយ​ឆ្នាំ​។ PAS ក៏​កំពុង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ចំណត​កុងតឺន័រ​ថ្មី (​២០២០​-​២០២៣​) ដោយ​មាន​ជំនួយ​ពី JICA ដើម្បី​បង្កើន​សមត្ថភាព និង​ប្រសិទ្ធភាព​នៃ​កំពង់ផែ និង​លើកកម្ពស់​ការប្រកួតប្រជែង​ក្នុង​តំបន់ ដែល​អាច​ទទួល​នាវា​ដែល​មាន​សមត្ថភាព​ផ្ទុក​កុងតឺន័រ ៥​.​០០០ TEU និង​នាវា​ដែល​មាន​សមត្ថភាព ៦០​.​០០០ DWT សម្រាប់​លើក​ដាក់​ទំនិញ​។ លើស​ពី​នេះ PAS ក៏​បាន​សាងសង់​បេតុង​ទីលាន​កុងតឺន័រ​នៅ​តំបន់ D លើ​ផ្ទៃដី​ ២៨.០០០ ​ម៉ែត្រ​ក្រឡា និង​បាន​រក្សាទុក​ទីលាន​សម្រាប់​ដាក់​កុងតឺន័រទ​ទេ​នៅ​តំបន់ SEZ ដែល​មាន​ផ្ទៃដី​ ៤០.០០០ ​ម៉ែត្រ​ក្រឡា​។

ការអភិវឌ្ឍ​ស្ថានីយ​កុងតឺន័រ​ថ្មី​នៅ PAS

pas.jpg

លើស​ពី​នេះ MPWT ​កំពុង​ធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​រៀបចំ​ច្បាប់​កំពង់ផែ ដែល​នឹង​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​គ្រប់គ្រង និង​អភិវឌ្ឍ​កំពង់ផែ​ឱ្យ​បាន​ត្រឹមត្រូវ ក៏​ដូចជា​ការជំរុញ​ពាណិជ្ជកម្ម​ក្នុង​ស្រុក និង​អន្តរជាតិ​។ MPWT ក៏​បាន​បង្កើត និង​សាកល្បង​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អេឡិចត្រូនិច​នៅ​កំពង់ផែ (Port EDI) ដើម្បី​ជួយ​សម្រួល​ដល់​នីតិវិធី​ផ្លូវការ​នៃ​ការគ្រប់គ្រង​កប៉ាល់​ចូល និង​ចេញ​យ៉ាង​រហ័ស និង​រលូន ក្នុង​គោលបំណង​ពន្លឿន​នីតិវិធី និង​កាត់បន្ថយ​ថ្លៃ​ដឹកជញ្ជូន​លើ​ការដឹកជញ្ជូន​តាម​សមុទ្រ​។ ប្រព័ន្ធ EDI គឺជា​ការផ្លាស់ប្តូរ​ឌីជីថល​នៃ​ឯកសារ និង​ទិន្នន័យ​អាជីវកម្ម​ក្នុង​ទម្រង់​អេឡិចត្រូនិក​ស្តង់ដារ​រវាង​ដៃគូ​ពាណិជ្ជកម្ម​។ ការផ្លាស់ប្តូរ​ឯកសារ​អាជីវកម្ម​ឌីជីថល​នេះ​មាន​ប្រយោជន៍​ខ្លាំង​ណាស់ ខណៈពេល​ដែល​កាត់បន្ថយ​ការចំណាយ បង្កើន​ល្បឿន​ដំណើរការ ចៀសវាង​កំហុស និង​កែលម្អ​ទំនាក់ទំនង​រវាង​ដៃគូ​ពាណិជ្ជកម្ម​។

ទិដ្ឋភាពទូទៅនៃប្រព័ន្ធ Port EDI

port edi.png