- ទំព័រដើម /
- វិស័យ /
- វិស័យអ្នកផ្តល់សេវា /
- ទីភ្នាក់ងារដឹកជញ្ជូន
ទីភ្នាក់ងារដឹកជញ្ជូន
ទីភ្នាក់ងារដឹកជញ្ជូន គឺជាបុគ្គល ឬក្រុមហ៊ុនមួយចំនួនដែលធ្វើសកម្មភាពជំនួសប្រធាន (ម្ចាស់នាវា) ដែលត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងតម្រូវការទាំងអស់របស់នាវា រួមទាំងនាវិក និងទំនិញនៅពេលនាវាមកដល់ អំឡុងពេលស្នាក់នៅកំពង់ផែ និងនៅពេលចេញដំណើរពីកំពង់ផែ។ ជាធម្មតា មុខងាររបស់ទីភ្នាក់ងារទាំងនេះត្រូវបានផ្តល់ឱ្យដោយវិស័យឯកជនក្រោមបរិយាកាសប្រកួតប្រជែង។ យ៉ាងណាមិញ នៅប្រទេសកម្ពុជា មានសហគ្រាសសាធារណៈតែមួយគត់ដែលមានឈ្មោះថា ភ្នាក់ងារកម្ពុជានាវាចរ (កាំសាប)។ វិស័យអាជីវកម្មនេះត្រូវបានផ្តាច់មុខរហូតដល់ឆ្នាំ២០១៩ ហើយ កាំសាប គឺជាភ្នាក់ងារដឹកជញ្ជូនតែមួយគត់នៅទូទាំងប្រទេស និងនៅកំពង់ផែអន្តរជាតិទាំងអស់។ ជាញឹកញាប់ ក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិត្រូវការជួលខ្សែដឹកជញ្ជូនផ្សេងទៀតជាភ្នាក់ងារ/ឈ្មួញកណ្តាល—ភ្នាក់ងារ/ឈ្មួញកណ្តាលនេះត្រូវដោះស្រាយលើការងាររដ្ឋបាលជាមួយកាំសាប។ ដូច្នេះ ថ្លៃចំណាយសរុបមាននិន្នាការខ្ពស់ជាងធម្មតា។ ស្ថិតក្នុងកាលៈទេសៈទាំងនេះ ក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិ និងសមាគមធុរកិច្ចបានត្អូញត្អែរអំពីក្របខ័ណ្ឌស្ថាប័នដែលគ្មានប្រសិទ្ធភាពនេះ។ នៅខែកុម្ភៈ ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានសម្រេចរំលាយកាំសាប ហើយបើកទីផ្សារអាជីវកម្មនេះសម្រាប់ការប្រកួតប្រជែង។ សេរីភាវូបនីយកម្មលើទីផ្សារនេះដែលនាំទៅដល់ការកាត់បន្ថយថ្លៃចំណាយភ័ស្តុភារកម្មត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយសហគមន៍ធុរកិច្ច។ សព្វថ្ងៃនេះ ខ្សែដឹកជញ្ជូនមួយចំនួនដើរតួជាទីភ្នាក់ងារដឹកជញ្ជូនសម្រាប់ខ្លួនឯង និងអ្នកដទៃ។