- ទំព័រដើម /
- វិស័យ /
- វិស័យអ្នកផ្តល់សេវា /
- ឃ្លាំងស្តុក
ឃ្លាំងស្តុក
ឃ្លាំងស្តុក គឺជាអគារសម្រាប់រក្សាទុកទំនិញ។ ជាធម្មតា ក្រុមហ៊ុនផលិត អ្នកនាំចូល អ្នកនាំចេញ អ្នកលក់ដុំ អាជីវកម្មដឹកជញ្ជូន និងជើងសាគយប្រើប្រាស់ឃ្លាំងស្តុកដើម្បីរក្សាទុកទំនិញក្នុងរយៈពេលជាក់លាក់ណាមួយ។ ទំនិញដែលរក្សាទុករួមមាន វត្ថុធាតុដើម សម្ភារៈវេចខ្ចប់ គ្រឿងបន្លាស់ គ្រឿងបង្គុំ ឬទំនិញសម្រេចដែលបានមកពីវិស័យកសិកម្ម កម្មន្តសាល និងផលិតកម្ម។ ជាគោលការណ៍ ទីតាំងដីដែលមានតម្លៃធូរថ្លៃ និងស្រឡះល្អត្រូវបានប្រើប្រាស់សម្រាប់ការស្តុកទុក ប៉ុន្តែសម្រាប់ភាពងាយស្រួល ឃ្លាំងស្តុកអាចស្ថិតនៅជិតកន្លែងផលិត ឬច្រកទ្វារនាំចូល ឬអ្នកប្រើប្រាស់។ ចំពោះហេតុផលទាំងនេះ ឃ្លាំងស្តុកអាចមានទីតាំងនៅជិតអាកាសយានដ្ឋាន និងកំពង់ផែសមុទ្រ។
នៅប្រទេសកម្ពុជា ឧស្សាហកម្មឃ្លាំងស្តុកនៅតែមិនទាន់មានការអភិវឌ្ឍនៅឡើយទេ ប៉ុន្តែវាច្រើនតែមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស និងផែស្ងួត។ ឃ្លាំងស្តុកធំៗបែបនេះអាចមានកន្លែងលើកដាក់ទំនិញចេញពីរថយន្តដឹកទំនិញ។ ទោះយ៉ាងណាក៏ដោយ ក៏មានឃ្លាំងស្តុកតូចៗនៅខាងក្រៅតំបន់សេដ្ឋកិច្ចពិសេស និងផែស្ងួតផងដែរ។ វាច្រើនតែគ្រប់គ្រងដោយបុគ្គលឯកជន និងក្រុមហ៊ុន។ ជាទូទៅ ឃ្លាំងស្តុកទំនិញមានច្រើនប្រភេទ ដូចជាឃ្លាំងស្តុកទំនិញរាយ ឃ្លាំងស្តុកត្រជាក់ ឃ្លាំងវេចខ្ចប់ ឃ្លាំងនៅតាមផ្លូវរថភ្លើង និងឃ្លាំងមានដែនកំណត់។