MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

ផ្លូវផ្នល់

នៅ​ប្រទេស​កម្ពុជា បណ្តាញ​ផ្លូវថ្នល់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវបាន​ពង្រីក និង​កែលម្អ​ឡើង​ដើម្បី​លើកកម្ពស់​វិស័យ​ដឹកជញ្ជូន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​មាន​ការចំណាយ​កាន់តែ​ប្រសើរ​សម្រាប់​វិនិយោគិន​ក្នុង​ស្រុក និង​បរទេស​។ ផ្លូវថ្នល់​ត្រូវបាន​បែងចែក​ជា​ផ្លូវ​ជាតិ (​១ ខ្ទង់ និង ២ ខ្ទង់​) ផ្លូវ​ខេត្ត (​៣ ខ្ទង់ ឬ ៤ ខ្ទង់​) និង​ផ្លូវ​ជនបទ​។ មាន​ក្រសួង​ចំនួន​ពីរ​ដែល​គ្រប់គ្រង​លើ​ការងារ​ផ្លូវ​ទាំង​នេះ៖ ១​) ក្រសួង​សាធារណការ និង​ដឹកជញ្ជូន (MPWT) ​គ្រប់គ្រង​លើ​ផ្លូវ​ជាតិ និង​ខេត្ត និង ២) ក្រសួង​អភិវឌ្ឍន៍​ជនបទ​ (MRD) ​គ្រប់គ្រង​លើ​ផ្លូវ​មិន​ទាន់​ក្រាល​កៅស៊ូ ឬ​ផ្លូវ​លំ​នៅ​តំបន់​ជនបទ​។ ប្រវែង​សរុប​នៃ​បណ្តាញ​ផ្លូវថ្នល់​ដែល​ MPWT គ្រប់គ្រង​ត្រូវបាន​ពង្រីក​បន្ថែម​ពី ១៦​.៥៦៩ ​គីឡូម៉ែត្រ​នៅ​ឆ្នាំ​២០១៩ ដល់ ១៨.១២៥ ​គីឡូម៉ែត្រ​នៅ​ឆ្នាំ​២០២០​។

ប្រវែង​បណ្តាញ​ផ្លូវថ្នល់​នៅ​ប្រទេស​កម្ពុជា​ឆ្នាំ ២០២០

roads.png

បណ្តាញ​ផ្លូវថ្នល់​នៅ​ប្រទេស​កម្ពុជា

roads cambodia.jpg

ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​កម្ពុជា​មាន​ការរីកចម្រើន​គួរឱ្យ​កត់សម្គាល់​។ ទី​មួយ គឺ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​។ នេះ​គឺជា​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​នៅ​កម្ពុជា ដែល​មាន​ប្រវែង​សរុប​ ១៩០ ​គីឡូម៉ែត្រ​ដោយ​ចំណាយ​ថវិកា​សាងសង់ ១,៩​ពាន់​លាន​ដុល្លារ​អាមេរិក និង​បាន​ចាប់ផ្តើម​នៅ​ខែមីនា ឆ្នាំ​២០១៩ ហើយ​រំពឹង​ថា​នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​២០២៣​។ ទី​ពីរ គឺ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ខេត្ត​ព្រះសីហនុ​។ គម្រោង​នេះ​គ្របដណ្តប់​ផ្លូវ​ចំនួន​ ៣៤​ខ្សែ មាន​ប្រវែង​សរុប​ ៨៤,៥ ​គីឡូម៉ែត្រ​ដោយ​ចំណាយ​ថវិកា​សរុប​ ២៩៤ ​លាន​ដុល្លារ​អាមេរិក ហើយ​ការសាងសង់​បាន​ចាប់ផ្តើម​នៅ​ខែវិច្ឆិកា ឆ្នាំ ២០១៩ ហើយ​បាន​បញ្ចប់​នៅ​ខែធ្នូ ឆ្នាំ​២០២១​។ ​ទី​បី គឺ​គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ក្រុង និង​ខេត្ត​សៀមរាប​។ គម្រោង​នេះ​គ្របដណ្តប់​ផ្លូវ​ចំនួន​ ៣៨​ខ្សែ មាន​ប្រវែង​សរុប​ ១០៩ ​គីឡូម៉ែត្រ​ដោយ​ចំណាយ​ថវិកា​សរុប​ប្រមាណ​ ១៥០ ​លាន​ដុល្លារ​អាមេរិក ហើយ​ការសាងសង់​បាន​ចាប់ផ្តើម​នៅ​ខែវិច្ឆិកា ឆ្នាំ​២០២០ និង​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ខែមេសា ឆ្នាំ​២០២២​។

ផែនទី​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ

expressway.png