អំពីគណៈកម្មាធិការជាតិភស្តុភារកម្ម
គណៈកម្មាធិការជាតិភស្តុភារកម្មជាអង្គភាពប្រតិបត្តិ ដើម្បីគ្រប់គ្រង សម្របសម្រួល ប្រតិបត្តិ និងអភិវឌ្ឍវិស័យភស្តុភារកម្ម។ គណៈកម្មាធិការជាតិភស្តុភារកម្មមានតួនាទីនិងភារកិច្ចដូចខាងក្រោម៖
- ដឹកនាំរៀបចំបង្កើតនូវឯកសារគោលនយោបាយ យុទ្ធសាស្រ្ត ផែនការមេ ផែនការសកម្មភាព និងលិខិតបទដ្ឋានគតិយុត្ត ក្នុងការគ្រប់គ្រងប្រតិបត្តិ និង អភិវឌ្ឍវិស័យភស្តុភារកម្មនៃព្រះរាជាណាចក្រកម្ពុជា ដោយធ្វើការពិគ្រោះ យោបល់ជាមួយភាគីពាក់ព័ន្ធទាំងអស់ដើម្បីដាក់ជូន ក.ជ.ភ. ពិនិត្យនិងសម្រេច
- សម្របសម្រួលនិងជំរុញការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រផែនការមេ ផែនការសកម្មភាព និងលិខិតបទដ្ឋានគតិយុត្តរបស់វិស័យភស្តុភារកម្មឱ្យមាន ប្រសិទ្ធភាព ប្រសិទ្ធផល និងនិរន្តរភាព
- ជំរុញការអនុវត្តផែនការនានាដែលទាក់ទងនឹងវិស័យភស្តុភារកម្មអន្តរជាតិក្នុងក្របខ័ណ្ឌអាស៊ាននិងពិភពលោក
- ពិនិត្យនិងលើកសំណើកែសម្រួលឬធ្វើវិសោធនកម្មបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹង វិស័យភស្តុភារកម្ម ឲ្យមានសង្គតិភាពទៅនឹងលិខិតបទដ្ឋានគតិយុត្ត ដែលមាន ជាធរមាន
- ស្វែងរកធនធានហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ប្រតិបត្តិ ទ្រទ្រង់ និងលើកកម្ពស់ ជំរុញការអភិវឌ្ឍវិស័យភស្តុភារកម្ម
- រៀបចំទិន្នន័យគោលនិងសូចនាករសម្រាប់ការត្រួតពិនិត្យនិងវាយតម្លៃវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពរបស់បណ្តាក្រសួង ស្ថាប័ន និងវិស័យឯកជន ដែលមានចែងក្នុងផែនការមេភស្តុភារកម្ម
- ធ្វើរបាយការណ៍សកម្មភាពការងារជូន ក.ជ.ភ.
- ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតដែល ក.ជ.ភ. ប្រគល់ជូន។