- ទំព័រដើម /
- វិស័យ /
- វិស័យអ្នកផ្តល់សេវា /
- ភ្នាក់ងារបញ្ជូនទំនិញបន្ត
ភ្នាក់ងារបញ្ជូនទំនិញបន្ត
ភ្នាក់ងារបញ្ជូនទំនិញបន្ត គឺជាបុគ្គល ឬក្រុមហ៊ុនដែលដើរតួជាភ្នាក់ងារដើម្បីដឹកជញ្ជូនទំនិញពីប្រភពដើមទៅដល់គោលដៅ ក្នុងរយៈពេលមួយដែលបានស្នើសុំដោយអតិថិជន។ ជាធម្មតា ភ្នាក់ងារបញ្ជូនទំនិញបន្តមានបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាភ័ស្តុភារកម្ម – ជារឿយៗជាប់ទាក់ទងទៅនឹងបញ្ហាឆ្លងកាត់ព្រំដែន។ ភ្នាក់ងារបញ្ជូនទំនិញបន្តដើរតួនាទីជាភ្នាក់ងារ នៅពេលដែលវាបំពេញមុខងារជំនួស និង/ឬក្រោមការណែនាំរបស់អតិថិជន (ឧ. ក្រុមហ៊ុននាំចេញ ឬក្រុមហ៊ុននាំចូល)។ ក្នុងនាមជាភ្នាក់ងារ ភ្នាក់ងារបញ្ជូនបន្តនឹងទិញសេវាកម្មរបស់ភាគីទីបីដែលនឹងអនុវត្តការវេចខ្ចប់ ការរក្សាទុក ការដឹកជញ្ជូន ការគ្រប់គ្រង និងការបញ្ចេញទំនិញពីគយ។ ភ្នាក់ងារបញ្ជូនទំនិញបន្ត អាចរៀបចំកិច្ចសន្យាដោយផ្ទាល់ជាមួយក្រុមហ៊ុនដឹកជញ្ជូន ឬប្រើប្រាស់កិច្ចសន្យាដែលបានចរចារជាមួយអតិថិជនរបស់ពួកគេ។ ជារឿយៗភ្នាក់ងារបញ្ជូនទំនិញបន្តនឹងស្វែងរកដំណោះស្រាយ ដើម្បីដោះស្រាយបញ្ហាដែលអាចកើតឡើងជាមួយនឹងការដឹកជញ្ជូន។ ភ្នាក់ងារបញ្ជូនទំនិញបន្តក៏អាចផ្តល់ដំបូន្មានដល់ក្រុមហ៊ុនដឹកជញ្ជូន/អ្នកទទួលទំនិញអំពីថ្លៃដឹកជញ្ជូន ថ្លៃសេវាកំពង់ផែ ថ្លៃធានារ៉ាប់រងលើការដឹកជញ្ជូន ថ្លៃសេវាលើកដាក់នៅស្ថានីយជាដើម។
ភ្នាក់ងារបញ្ជូនទំនិញបន្តមានច្រើនប្រភេទខុសៗគ្នា អាស្រ័យលើសកម្មភាពដែលពួកគេប្រតិបត្តិការ និង/ឬជំនាញដែលភ្នាក់ងារបញ្ជូនទំនិញបន្តនីមួយៗមានឯកទេស។ ភ្នាក់ងារបញ្ជូនទំនិញបន្តខ្លះមានអាជ្ញាប័ណ្ណជើងសាគយ ហើយអ្នកខ្លះទៀតមិនមានទេ។ ចាប់ពីកម្រិតខ្ពស់បំផុតដល់កម្រិតទាបបំផុតនៃសេវាកម្ម ប្រភេទប្រតិបត្តិករ និងភ្នាក់ងារខាងក្រោមអាចត្រូវបានសម្គាល់ថា ជាភ្នាក់ងារបញ្ជូនទំនិញបន្ត ពោលគឺភ្នាក់ងារច្របាច់បញ្ចូលទំនិញ ប្រតិបត្តិករដឹកជញ្ជូនពហុមធ្យោបាយ ជើងសាគយ និងកំពង់ផែ (កំពង់ផែសមុទ្រ អាកាសយានដ្ឋាន ឬស្ថានីយទំនិញ)។ វាក៏អាចធ្វើទៅបានសម្រាប់ក្រុមហ៊ុនបញ្ជូនទំនិញបន្តដើម្បីចូលទៅក្នុងការរៀបចំបែប "កូនកាត់" ដោយដើរតួជាភ្នាក់ងារសម្រាប់មុខងារជាក់លាក់ និងជាចម្បងសម្រាប់អ្នកដទៃ។