MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

ច្រករបៀងសេដ្ឋកិច្ច

ច្រក​របៀង​សេដ្ឋកិច្ច និង​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ គឺជា​ធាតុ​សំខាន់ ដើម្បី​លើកកម្ពស់​ការតភ្ជាប់​រូបវ័ន្ត​ជាមួយ​ប្រទេស​ដទៃ​ទៀត​។ ​ការអភិវឌ្ឍ​បណ្តាញ​ដឹកជញ្ជូន​ផ្លូវគោក កំពង់ផែ​សមុទ្រ និង​ទន្លេ មជ្ឈមណ្ឌល​ផ្ទុក​-​លើក​ដាក់​ទំនិញ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​នៅ​ច្រកទ្វារ​អន្តរជាតិ កំពុង​រួមចំណែក និង​ជំរុញ​ដល់​សកម្មភាព​ពាណិជ្ជកម្ម​ក្នុង​ប្រទេស ហើយ​កំពុង​បង្កើន​ការប្រកួតប្រជែង​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ពិភពលោក​។ រាជ​រដ្ឋាភិបាល​កម្ពុជា ជាពិសេស MPWT ក៏​កំពុង​ខិតខំ​ប្រឹងប្រែង​កែលម្អ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ទំនិញ (​ផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ​/​អគារ​ឆ្លង​ព្រំដែន ការិយាល័យ​ធ្វើការ កន្លែង​ស្នាក់​នៅ​សម្រាប់​មន្ត្រី​បម្រើការ​នៅ​ច្រកទ្វារ​ព្រំដែន អគារ​ SSI ​កន្លែង​ចំណត​រថយន្ត មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម ឃ្លាំង​ស្តុក​ទំនិញ និង​ចំណត​រថយន្ត​ដឹក​ទំនិញ​។​ល។​) នៅ​ច្រកទ្វារ​អន្តរជាតិ​សំខាន់​ៗ ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ និង​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​។

មាន​ច្រក​របៀង​សេដ្ឋកិច្ច​សំខាន់​ៗ​ចំនួន​បី​នៅ​ប្រទេស​កម្ពុជា ដែល​តភ្ជាប់​ទៅកាន់​ទីផ្សារ​អន្តរជា​តិ៖​ (១​) ភ្នំពេញ​-​បាវិត​ (២​) ភ្នំពេញ​-​ប៉ោយប៉ែត និង​ (៣) ភ្នំពេញ​-​ក្រុង​ព្រះសីហនុ​។ យោង​តាម​របាយការណ៍​ឆ្នាំ​២០១៩ របស់ ADB ស្តីពី​ការវាយតម្លៃ​វិស័យ​ដឹកជញ្ជូន​កម្ពុជា យុទ្ធសាស្ត្រ និង​ផែនទី​ចង្អុល​ផ្លូវ ការនាំចេញ​របស់​ប្រទេស​កម្ពុជា​តាម​កំពង់ផែ​ក្រុង​ព្រះសីហនុ​មាន​ចំនួន​ ៧០% នៃ​ការនាំចេញ​សរុប កំពង់ផែ​ភ្នំពេញ​មាន​ចំនួន​ ២៧% និង​បាវិត និង​ប៉ោយប៉ែត​មាន​ចំនួន ៣%​។ កំពង់ផែ​ក្រុង​ព្រះសីហនុ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការនាំចូល ដែល​មាន​ចំនួន​៦៦​%​នៃ​ការនាំចូល​សរុប ខណៈ​ប៉ោយប៉ែត​មាន​១៣​% និង​បាវិត​១១​%​។ ដូចគ្នា​នេះ​ដែរ របាយការណ៍​ឆ្នាំ​២០១៨ របស់ JICA ស្តីពី​ផែនការ​មេធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ភ័ស្តុភារកម្ម​នៃ​ប្រទេស​កម្ពុជា​ ២០១៨-​២០២៥ បង្ហាញ​ថា ការនាំចូល និង​នាំចេញ​ទំនិញ​តាម​ច្រក​ភ្នំពេញ​-​ក្រុង​ព្រះសីហនុ មាន​ចំនួន​ ៦៨% ​បាវិត​-​ម៉ុក​បៃ​មាន​ចំនួន​ ១២% និង​ប៉ោយប៉ែត​-​អារញ្ញប្រាថេត​មាន​ចំនួន​ ៨%​។ គួរ​គូសបញ្ជាក់​ផងដែរ​ថា ច្រក​របៀង​សេដ្ឋកិច្ច​ប៉ោយប៉ែត​-​ភ្នំពេញ​-​បាវិត គឺជា​ផ្នែក​នៃ​ច្រក​របៀង​សេដ្ឋកិច្ច​ភាគ​ខាងត្បូង​នៃ​មហា​អនុ​តំបន់​ទន្លេ​មេគង្គ (GMS) ដែល​តភ្ជាប់​ទីក្រុង​សំខាន់​ៗ​នៅក្នុង​តំបន់ GMS រួមមាន​ទីក្រុង​បាងកក ភ្នំពេញ និង​ហូជីមិញ​។

ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​សំខាន់​ៗ

មាន​ច្រក​ព្រំដែន​ជាច្រើន​នៅ​ប្រទេស​កម្ពុជា ដែល​ក្នុង​នោះ​ច្រក​ព្រំដែន​បាវិត​-​ម៉ុក​បៃ (​កម្ពុជា​-​វៀតណាម​) និង​ច្រក​ព្រំដែន​ប៉ោយប៉ែត​-​អារញ្ញប្រាថេត (​កម្ពុជា​-​ថៃ​) គឺជា​ច្រកទ្វារ​អន្តរជាតិ​ពីរ​នៃ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​សំខាន់​ៗ​។ នៅ​ច្រក​ព្រំដែន​បាវិត​-​ម៉ុក​បៃ ចំនួន​យានយន្ត (​រថយន្ត​ដឹក​ទំនិញ និង​រថយន្តក្រុង​ដឹក​អ្នកដំណើរ​) ដែល​ឆ្លងកាត់​ព្រំដែន មាន​ការកើនឡើង​នៅ​ឆ្នាំ​២០១៤​-២០១៩ ​ប៉ុន្តែ​មាន​ការថយចុះ​ខ្លះ​នៅ​ឆ្នាំ ២០២០ ដោយសារ​ការរីករាលដាល​នៃ​មេរោគ​កូវីដ-​១៩ ជា​សាកល។ យោង​តាម​ការិយាល័យ​គយ និង​រដ្ឋាករ ជា​មធ្យម មាន​យានយន្ត​ចូលមក​ក្នុង​ប្រទេស​ចំនួន​ ៤៣០ ​គ្រឿង (​មាន​យានយន្ត​ចេញ​ចំនួន​ ២០០ ​គ្រឿង​) ​ឆ្លងកាត់​ព្រំដែន​នេះ​ក្នុង​ឆ្នាំ​២០១៩ ហើយ​វា​បាន​ធ្លាក់ចុះ​មក​ត្រឹម​២៤៩ គ្រឿង​ចំពោះ​យានយន្ត​ចូលមក​ក្នុង​ប្រទេស (​មាន​យានយន្ត​ចេញ​ចំនួន​ ១១៣ ​គ្រឿង​) នៅ​ឆ្នាំ​២០២០​។

សម្រាប់​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត​-​អារញ្ញប្រាថេត បរិមាណ​ចរាចរណ៍​ឆ្លងកាត់​ព្រំដែន​នេះ​បាន​ធ្លាក់ចុះ​រយៈពេល​ប្រាំ​ឆ្នាំ​ជាប់​ៗ​គ្នា (​២០១៦​-​២០២០​)​។ ​បរិមាណ​ចរាចរណ៍​ទំនិញ​នៅ​ព្រំដែន​នេះ​មាន​ចំនួន​ ១.៥៦០​.៨៦៤ ​តោន​នៅ​ឆ្នាំ​២០២០ ដែល​ជា​ការថយចុះ​ប្រហែល​ ៣% បើ​ប្រៀបធៀប​ទៅនឹង​បរិមាណ​ក្នុង​ឆ្នាំ​២០១៩​។ ទំនិញ​នាំចូល​សំខាន់​ៗ​រួមមាន​សម្ភារៈ​សំណង់ និង​ទំនិញ​ទូទៅ​។ ការធ្លាក់ចុះ​រយៈពេល​ប្រាំ​ឆ្នាំ​ជាប់​ៗ​គ្នា (​២០១៦​-​២០២០​) គឺ​ដោយសារតែ​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​ធ្លាក់ចុះ ក៏​ដូចជា​រំហូរ​ទំនិញ​តាម​ច្រក​ព្រំដែន​ផ្សេងទៀត​តាម​ច្រក​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ព្រមទាំង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​។ ចំនួន​យានយន្ត​ឆ្លងកាត់​នៅ​ឆ្នាំ​២០២០ មាន​ចំនួន​ ៦៤.៧០៤ ​គ្រឿង ថយចុះ​ ១២% បើ​ធៀប​នឹង​ឆ្នាំ​២០១៩ មាន​ចំនួន​ ៧៣.៨៣១ ​គ្រឿង​។

ការសម្របសម្រួល​ឆ្លងកាត់​ព្រំដែន

ដើម្បី​លើកកម្ពស់ និង​សម្របសម្រួល​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន ប្រទេស​កម្ពុជា​បាន​អនុវត្ត​អនុស្សរណៈ​យោគយល់​គ្នា (MoU) ជាមួយ​ប្រទេស​ជិតខាង​។ ផ្អែក​លើ MoU ចុងក្រោយ​ដែល​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១២ កម្ពុជា​-​វៀតណាម​មាន​កូតា​រថយន្ត​ចំនួន​៥០០​គ្រឿង​សម្រាប់​ប្រតិបត្តិការ​ដឹកជញ្ជូន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ចំនួន​ប្រាំពីរ​។ ក្នុង​ន័យ​នេះ ប្រទេស​កម្ពុជា​បាន​ចុះបញ្ជី​យានយន្ត​ចំនួន​៥០០​គ្រឿង (​រថយន្តក្រុង​ដឹក​អ្នកដំណើរ ៣៨៧ គ្រឿង និង​រថយន្ត​ដឹក​ទំនិញ​ចំនួន​ ១១៣ ​គ្រឿង​) ហើយ​ប្រទេស​វៀតណាម​បាន​ចុះបញ្ជី​យានយន្ត​ចំនួន ៥០០ ​គ្រឿង (​រថយន្តក្រុង​ដឹក​អ្នកដំណើរ ២៦៨ គ្រឿង និង​រថយន្ត​ដឹក​ទំនិញ​ចំនួន​ ២៣២ ​គ្រឿង​)​។ នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​បញ្ចប់​វិសោធនកម្ម​លើ​សេចក្តីព្រាង MoU ស្តីពី​ការបង្កើន​កូតារ​ថយន្ត​ពី ៥០០ ទៅ ៨០០ គ្រឿង ដោយ​រង់ចាំ​រដ្ឋាភិបាល​ទាំង​ពីរ​ចុះហត្ថលេខា​។ លើស​ពី​នេះ នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២១ ភាគី​កម្ពុជា​ក៏​បាន​បង្កើត​ក្រុមការងារ​រួមគ្នា​មួយ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រតិបត្តិការ​ដឹកជញ្ជូន​នៅ​ច្រកទ្វារ​ព្រំដែន​កម្ពុជា​-​វៀតណាម ដោយ​មាន​អនុ​ក្រុម​ការងារ​ចំនួន​៣៖ (១) ​អនុ​ក្រុមការងារ​ទទួលបន្ទុក​ដឹកជញ្ជូន​ផ្លូវគោក និង​ហេដ្ឋារចនាសម្ព័ន្ធ (​២​) អនុក្រុម​ការងារ​ទទួលបន្ទុក​ដឹកជញ្ជូន​ផ្លូវ​ទឹក និង (​៣​) អនុ​ក្រុមការងារ​ទទួលបន្ទុក​ដឹកជញ្ជូន​ផ្លូវ​ដែក​។

ប្រទេស​កម្ពុជា និង​ថៃ ក៏​បាន​និង​កំពុង​អនុវត្ត​កូតារថយន្ត​ចំនួន​ ១៥០ ​គ្រឿង ក្រោម MoU កម្ពុជា​-​ថៃ ស្តីពី​ការផ្លាស់ប្តូរ​សិទ្ធិ​ធ្វើចរាចរណ៍​សម្រាប់​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន តាមរយៈ​ច្រក​ព្រំដែន​ប៉ោយប៉ែត​-​អារញ្ញប្រាថេត​នៃ​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន GMS​។ ក្នុង​ន័យ​នេះ ប្រទេស​កម្ពុជា​បាន​ចុះបញ្ជី​យានយន្ត​ចំនួន​ ៤៥ ​គ្រឿង (​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ទាំងអស់​) ហើយ​ប្រទេស​ថៃ​បាន​ចុះបញ្ជី​យានយន្ត​ចំនួន​ ១៤០ ​គ្រឿង (​រថយន្តក្រុង​ដឹក​អ្នកដំណើរ ១២១ គ្រឿង និង​រថយន្ត​ដឹក​ទំនិញ​ចំនួន​ ១៩ ​គ្រឿង​)​។