MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

វិស័យយុទ្ធសាស្រ្ត

វិស័យ​យុទ្ធសាស្រ្ត​ទី​១៖ ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ប្រកបដោយ​ចីរភាព

គោលបំណង​នៃ​យុទ្ធសាស្រ្ត​នេះ គឺ​ដើម្បី​សម្របសម្រួល​ធនធាន​ដែល​មាន​ស្រាប់​ដើម្បី​ផ្តល់​ការគាំទ្រ​ដល់​វិសាលភាព​ពេញលេញ នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នៅ​កម្ពុជា រួមមាន៖ ការរៀបចំ​គម្រោង​, ​ការកែលម្អ​ផលិតភាព​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​, និង​ការកសាង​សមត្ថភាព ។ វា​នឹង​ដោះស្រាយ​នូវ​តម្រូវការ​ជាក់លាក់ សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​គុណភាព​ខ្ពស់​, ភាពធន់មាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​, និង​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​សេដ្ឋកិច្ច​ឌីជីថល​។

វិស័យ​យុទ្ធសាស្រ្ត​ទី​២៖ ភ័​ស្តុភារ​កម្ម​វៃ​ឆ្លាត​ (SMART ​LOGISTICS)

ការតភ្ជាប់​នេះ បាន​កំណត់​ជាមុន​នូវ​ឧត្តមភាព​ភ័ស្តុភារ​កម្ម ប្រកបដោយ​សមត្ថភាព​គ្រប់គ្រាន់​និង​ភាពសម្បូរបែប​, ពហុ​មធ្យោបាយ​, បច្ចេកវិទ្យា​ទំនើប​ៗ​, និង​ការដឹកជញ្ជូន​ប្រកបដោយ​ប្រសិទ្ធភាព​និង​ភាព​អាច​ជឿ​ទុកចិត្ត​បាន​។ ​បញ្ហា​ប្រឈម​មួយ​ក្នុង​ចំណោម​បញ្ហា​ប្រឈម​នានា គឺ​កិច្ច​សម្របសម្រួល រវាង​ក្រសួង​-​ស្ថាប័ន​របស់​រាជ​រដ្ឋាភិបាល​, ប្រតិបត្តិករ​វិស័យ​ឯកជន​, និង​កង្វះ​ការសិក្សា​ពី​គ្នា​ទៅវិញទៅមក​លើ​ឧត្តមានុវត្តន៍​។ មាន​កាលានុវត្តភាព​មួយ ដើម្បី​បង្កើត​យន្តការ​នានា សម្រាប់​គាំទ្រ​ដល់​កិច្ចសហការ​កាន់តែ​ប្រសើរ ក្នុង​ចំណោម​ក្រុមហ៊ុន​ភ័ស្តុភារកម្ម​ជាតិ និង​អន្ដរជាតិ​។ ប្រការ​នេះ នឹង​ជួយ​កំណត់​នូវ​ឧបសគ្គ​នានា ក្នុង​ចំណោម​វិស័យ​សំខាន់​ៗ​នៃ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ក្នុង​តំបន់​, ប្រមូល និង​ចែករំលែក​នូវ​ឧត្តមានុវត្តន៍ ស្តីពី​របៀប​ដោះស្រាយ​បញ្ហា​ទាំងនោះ​នៅក្នុង​តំបន់​, និង​កំណត់​នូវ​វិស័យ​គោលនយោបាយ​សំខាន់​ៗ ដែល​តម្រូវ​ឱ្យ​មាន​ការយកចិត្តទុកដាក់​។ តាមរយៈ​ភ័ស្តុភារ​កម្ម​វៃ​ឆ្លាត (SMART Logistics) នឹង​ផ្តោត​ជា​ចម្បង​ទៅលើ (​១​) ការពង្រឹង​រំហូរ​នៃ​ការដឹកជញ្ជូន​ប្រកបដោយ​ភាពរលូន​នៅ​តាម​ច្រក​របៀង​សេដ្ឋកិច្ច​សំខាន់​ៗ ចំនួន​៣ គឺ​ភ្នំពេញ​-​ក្រុង​ព្រះសីហនុ​, ភ្នំពេញ​- ប៉ោយប៉ែត​, និង​ភ្នំពេញ​-​បាវិត​ (២​) ការកាត់បន្ថយ​ថ្លៃ​ភ័ស្តុភារ​កម្ម (​៣​) ការផ្តល់​សេវាកម្ម​ភ័ស្តុភារកម្ម​ប្រកបដោយ​ភាពច្នៃប្រឌិត​ថ្មី​ទៅ​លើ​សេវាកម្ម​ភ័ស្តុភារ​កម្ម​ដែល​មាន​ស្រាប់​។

វិស័យ​យុទ្ធសាស្រ្ត​ទី​៣៖ ការអភិវឌ្ឍ​ធនធាន​មនុស្ស និង​បច្ចេកទេស​ក្នុង​វិស័យ​ភ័ស្តុភារ​កម្ម

ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ធនធាន​មនុស្ស និង​ស្ថាប័ន​របស់​ខ្លួន ជាពិសេស​នៅក្នុង​តំបន់​ដែល​មាន​ឱន​ភាពសមត្ថភាព​ច្រើន​បំផុត​។ សមត្ថភាព​ធនធាន​មនុស្ស គឺ​កាន់តែ​មាន​សារៈសំខាន់​ក្នុង​ការកសាង​ជំនាញ​បច្ចេកទេស និង​ការគ្រប់គ្រង​ប្រតិបត្តិករ​ភ័ស្តុភារ​ជាតិ​។

វិស័យ​យុទ្ធសាស្រ្ត​ទី​៤៖ ការពង្រឹង​ក្របខណ្ឌ​ស្ថាប័ន និង​គតិយុត្ត

បទប្បញ្ញត្តិ​របស់​ប្រទេស​កម្ពុជា​សម្រាប់​សេវា​ភ័ស្តុភារ​កម្ម ចាំបាច់​ត្រូវ​ធ្វើ​ទំនើបកម្ម និង​បិទ​បញ្ចប់​នូវ​គម្លាត និង​ភាព​គ្មាន​សង្គតិភាព​ផ្នែក​ច្បាប់ និង​បទបញ្ជា​នានា តាមរយៈ​ការទទួលយក​ឧត្តមានុវត្តន៍ និង​បទដ្ឋាន​អន្តរជាតិ​។ ចាំបាច់​ត្រូវ​បន្ថែម​ការអនុវត្ត​បទប្បញ្ញត្តិ​ល្អ​ៗ (GRP) ក្នុង​ការរៀបចំ​, ការទទួលយក​, ការអនុវត្ត​វិធាន​នានា​, បទប្បញ្ញត្តិ​, និង​នីតិវិធី​ផ្សេង​ៗ​នៅក្នុង​វិស័យ​នេះ​។ គោលបំណង​នៃ​យុទ្ធសាស្រ្ត​នេះ គឺ​ដើម្បី​គាំទ្រ​ការអនុវត្ត​គោលនយោបាយ​សំខាន់​ៗ ស្តីពី​បែបបទ​នៃ​ការដឹកជញ្ជូន និង​ភ័ស្តុភារ​កម្ម ជាពិសេស​ផ្តោត​លើ​បទដ្ឋាន និង​បទប្បញ្ញត្តិ​បច្ចេកទេស​នានា ក៏​ដូចជា​ការដោះស្រាយ​បញ្ហា​ផ្សេង​ៗ ជូន​ប្រតិបត្តិករ​ដឹកជញ្ជូន​ប្រកបដោយ​វិជ្ជាជីវៈ​។ បច្ចុប្បន្ន​នេះ មិន​មាន​ច្បាប់​គោល ឬ​ច្បាប់​ដែល​មាន​ស្រាប់​គ្រប់គ្រាន់ ដើម្បី​គ្រប់គ្រង​វិស័យ​ដឹកជញ្ជូន​តាម​ផ្លូវ​ដែក​, ផ្លូវគោក​, និង​ផ្លូវ​ទឹក​។