សិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផលគម្រោង “ការកសាងសមត្ថភាព និងពង្រឹងស្ថាប័នដើម្បីរៀបចំក្របខ័ណ្ឌត្រួតពិនិត្យ និងវាយតម្លៃវិស័យភស្តុភារកម្ម និងទិន្នន័យភស្តុភារកម្មនៅប្រទេសកម្ពុជា ព្រមទាំងកិច្ចសហការរវាងប្រទេសកម្ពុជា-ឡាវ-វៀតណាម”
០៦ ធ្នូ ២០២៣
សិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផលគម្រោង “ការកសាងសមត្ថភាព និងពង្រឹងស្ថាប័នដើម្បីរៀបចំក្របខ័ណ្ឌត្រួតពិនិត្យ និងវាយតម្លៃវិស័យភស្តុភារកម្ម និងទិន្នន័យភស្តុភារកម្មនៅប្រទេសកម្ពុជា ព្រមទាំងកិច្ចសហការរវាងប្រទេសកម្ពុជា-ឡាវ-វៀតណាម” សៀមរាប៖ នាថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផលគម្រោង “ការកសាងសមត្ថភាព និងពង្រឹងស្ថាប័នដើម្បីរៀបចំក្របខ័ណ្ឌត្រួតពិនិត្យ និងវាយតម្លៃវិស័យភស្តុភារកម្ម និងទិន្នន័យភស្តុភារកម្មនៅប្រទេសកម្ពុជា ព្រមទាំងកិច្ចសហការរវាងប្រទេសកម្ពុជា-ឡាវ-វៀតណាម” ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញតំណាងអង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងតំណាងអង្គភាពអនុវត្តគម្រោងពីប្រទេសវៀតណាម និងឡាវ រួមទាំងទីប្រឹក្សាជាតិ-អន្តរជាតិ និងវិស័យឯកជន សរុបប្រមាណ ៥០នាក់។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) ផ្សព្វផ្សាយសមិទ្ធផលសំខាន់ៗនៃការអនុវត្តគម្រោងដល់ក្រសួង ស្ថាប័ន អង្គភាព និងភាគីពាក់ព័ន្ធ ដែលបានចូលរួមកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងកន្លងមក (២) ចែករំលែកនូវបទពិសោធន៍ និងនវានុវត្តក្នុងការអនុវត្តគម្រោង (៣) ពិភាក្សាអំពីជំហានបន្ទាប់ ក្រោយពីគម្រោងត្រូវបានបញ្ចប់ (៤) ប្រកាសបញ្ចប់គម្រោងជាផ្លូវការ។ គូសបញ្ជាក់ផងដែរថា គម្រោងនេះ ជាគម្រោងក្រោមជំនួយរបស់មូលនិធិសហប្រតិបត្តិការសាធារណរដ្ឋកូរ៉េ មេគង្គ (Mekong-ROK Cooperation Fund) ដែលត្រូវបានអនុវត្តរយៈពេល ៣ឆ្នាំ ចាប់ពី២០២០ ដល់ ឆ្នាំ២០២៣ ក្នុងគោលបំណងចម្បង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការ ក្នុងការអភិវឌ្ឍមូលដ្ឋានទិន្នន័យភស្តុភារកម្ម និងក្របខ័ណ្ឌសម្រាប់ការត្រួតពិនិត្យ និងវាយតម្លៃ ក្នុងតំបន់មេគង្គ ជាពិសេសប្រទេសកម្ពុជា ឡាវ និងវៀតណាម រួមទាំងបង្កើតឯកសារណែនាំ និងរៀបចំប្រព័ន្ធមូលដ្ឋានទិន្នន័យភស្តុភារកម្ម (Central Logistics Database System) សម្រាប់តំបន់មេគង្គ។