មហាសន្និបាតប្រចាំឆ្នាំលើកទី៣៣ របស់សហព័ន្ធសមាគមបញ្ជូនទំនិញអាស៊ាន AFFA
០២ ធ្នូ ២០២៣
នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងមន្រ្តីរបស់អគ្គនាយកដ្ឋានភស្តុភារកម្ម ដឹកនាំដោយ លោកស្រី សន សុភាវត្តី អគ្គនាយកស្តីទី និងមន្រ្តីចំនួន ២រូប គឺលោក សុក សម្បត្តិ និងលោក ហាក់ ទូច បានចូលរួមសម្របសម្រួលជូន ឯកឧត្តម ហេង ណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី៣៣ របស់សហព័ន្ធសមាគមបញ្ជូនទំនិញអាស៊ាន AFFA (33rd AFFA Annual conference & General Meeting - AGM) នៅសណ្ឋាគារណាហ្គាររើលដ៍១ ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
មហាសន្និបាតនេះត្រូវបានរៀបចំឡើងដោយ សមាគមភស្តុភារកម្មកម្ពុជា ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ាន ក៏ដូចជាអភិវឌ្ឍវិស័យដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា ឱ្យរីកចម្រើនដូចប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន និងពិភពលោក។
ឆ្លៀតក្នុងឱកាសនៃមហាសន្និបាតនេះ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានថ្លែងសុន្ទរកថាអំពីវឌ្ឍនភាពនៃវិស័យដឹកជញ្ជូនិងភស្តុភារកម្មក្នុងប្រទេសកម្ពុជា ដោយបានរំលេចនូវកិច្ចខិតខំប្រឹងប្រែងទ្វេរដង ក្នុងការពង្រឹងនូវប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម ដែលមានតួនាទីយ៉ាងសំខាន់ជាឆ្អឹងខ្នងនៅក្នុងការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ ប្រកបដោយប្រសិទ្ធភាព ប្រទាក់ក្រឡាគ្នា ព្រមទាំងបំពេញឱ្យគ្នាទៅវិញទៅមក។ មិនតែប៉ុណ្ណោះ ថែមទាំងជួយបង្កើតនូវភាពប្រកួតប្រជែង, ផលិតភាព, ទាក់ទាញវិនិយោគិន, បង្កើតការងារជូនប្រជាពលរដ្ឋ និងជួយជំរុញការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់ និងពិភពលោក។
នៅក្នុងអណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមាន ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានខិតខំប្រឹងប្រែងទ្វេរដងថែមទៀត ក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ជាក់ស្តែង គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ដែលបាន និងកំពុងអនុវត្ត រួមមាន៖ ការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, ការសិក្សាសមិទ្ធិលទ្ធភាពផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាម, ការដាក់ឱ្យដំណើរការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី, ការសាងសង់អាកាសយានដ្ឋានថ្មីភ្នំពេញអន្តរជាតិ (តេជោ), គម្រោងសាងសង់ផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ), គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ, និងគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ។
បន្ថែមលើនេះទៀត ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការសហការជាមួយ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានរៀបចំផែនការមេគ្រប់ជ្រុងជ្រោយស្តីពីការតភ្ជាប់ ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដោយទទួលបានការអនុម័តជាផ្លូវការពីរាជរដ្ឋាភិបាលនៅខែសីហា ឆ្នាំ២០២៣ ដែលបានដាក់ចេញនូវគម្រោងចំនួន១៧៤ ទាំងផ្នែករឹង និងទន់ ដោយចំណាយថវិកាប្រមាណ ៣៦,៦ប៊ីលានដុល្លារសហរដ្ឋអាម៉េរិក អនុវត្តក្នុងរយៈពេល ១០ឆ្នាំ។
ជាចុងបញ្ចប់ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការ ក៏បានចូលរួមអបអរសាទរចំពោះសមាគមភស្តុភារកម្មកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតប្រចាំឆ្នាំលើកទី៣៣ របស់សហព័ន្ធសមាគមបញ្ជូនទំនិញអាស៊ាន AFFA (ASEAN Federation of Forwarders Associations) ប្រកបដោយភាពរលូន និងជឿជាក់ និងសូមជូនពរឱ្យអង្គមហាសន្និបាតនេះ ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ។