MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

កិច្ចប្រជុំលើកទី៤ នៃក្រុមប្រឹក្សាជាតិភស្ដុភារកម្ម

២០ កុម្ភៈ ២០២៤

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា៖ នា​ព្រឹក​ថ្ងៃអង្គារ ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤ ឯកឧត្តម ស៊ុន ចាន់​ថុល ឧប​នាយក​រដ្ឋមន្ត្រី អនុ​ប្រធាន​ទី​១​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភស្ដុភារកម្ម បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​៤ នៃ​ក្រុមប្រឹក្សា​ជាតិ​ភស្ដុភារកម្ម​។ ក្នុង​កិច្ចប្រជុំ​នេះ​ក៏​មាន​ការចូលរួម​ផងដែរ​ពី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម រដ្ឋមន្ត្រី​ក្រសួង​ផែនការ ឯកឧត្តម លោកជំទាវ អ្នក​ឧកញ៉ា ឧកញ៉ា មន្ត្រី​បច្ចេកទេស​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​តំណាង​ស្ថាប័ន​ឯកជន​សរុប​ប្រមាណ​ ២០០​រូប​។

កិច្ចប្រជុំ​នា​ឱកាស​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​៤​រួមមា​ន៖

១​)​. វឌ្ឍនភាព​ការងារ​របស់​គណៈកម្មាធិការ​ជាតិ​ភស្តុភារ​កម្ម

២​)​. វឌ្ឍនភាព​ផែនការ​មេ​គ្រប់​ជ្រុងជ្រោយ​ស្ដីពី​ប្រព័ន្ធ​ដឹកជញ្ជូន​អន្តរមធ្យោបាយ និង​ភស្ដុ​ភារកម្ម​កម្ពុជា ២០២៣​-​២០៣៣ (Comprehensive Masterplan on Intermodal Transport Connectivity and Logistics System in Cambodia 2023-2033_CITLS)

៣​)​. វឌ្ឍនភាព​គម្រោង​នៃ​ការអភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ភ្នំពេញ

៤​)​. វឌ្ឍនភាព​គម្រោង​នៃ​ការអភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ក្រុង​ព្រះសីហនុ​។

ផែនការ​មេ​គ្រប់​ជ្រុងជ្រោយ​ស្ដីពី​ប្រព័ន្ធ​ដឹកជញ្ជូន​អន្តរមធ្យោបាយ និង​ភស្ដុ​ភារកម្ម​កម្ពុជា ២០២៣​-​២០៣៣ ត្រូវបាន​រាជ​រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០២៣ ក្នុង​នោះ​មាន​ផែនការ​មេ​ចំនួន​ ០៧ ​សំយោគ​បញ្ចូល​គ្នា​រួមមា​ន៖ ផ្លូវថ្នល់ ផ្លូវ​ដែក ផ្លូវ​ទឹក កំពង់ផែ ភស្តុភារ​កម្ម ផ្លូវ​អាកាស និង​ដឹកជញ្ជូន​អន្តរ​មធ្យោបាយ រួមគ្នា​មាន​ចំនួន ១៧៤​គម្រោង ទាំង​ផ្នែក​ទន់ និង​ផ្នែក​រឹង ជាមួយនឹង​ទឹកប្រាក់​វិនិយោគ​ប្រមាណ ៣៦,៦​ប៊ីលាន​ដុល្លារ​អាមេរិក​។ ថ្លែង​នៅក្នុង​អង្គ​ពិធី ឯកឧត្តម​ឧប​នាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​ស្នើសុំ​ទៅ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ទាំង​ផ្នែក​រដ្ឋ និង​ឯកជន ចូលរួម​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ អំពី​ផែនការ​មេ​គ្រប់​ជ្រុងជ្រោយ​ស្តីពី​ប្រព័ន្ធ​ដឹកជញ្ជូន​អន្តរមធ្យោបាយ និង​ភស្តុភារ​កម្ម​កម្ពុជា ២០២៣​-​២០៣៣ ដែល​ជា​ផែនការ​មេថ្នាក់​ជាតិ​ថ្មី​មួយ ដើម្បី​ជំរុញ​ឱ្យ​កម្ពុជា​អាច​ទាក់ទាញ​ការវិនិយោគ​ចូលមក​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត​។

ផែនការ​មេ​នេះ​មាន​ចក្ខុវិស័យ​ក្នុង​ការបន្ត​កែលម្អ និង​អភិវឌ្ឍន៍​ប្រព័ន្ធ​ដឹកជញ្ជូន និង​ឡូជី​ស្ទីក ដោយ​ផ្តោត​លើ​ការជំរុញ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត និង​អរូប​វន្ត ឆ្ពោះ​ទៅរក​ការអភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន​អន្តរមធ្យោបាយ មាន​ការតភ្ជាប់​ខ្ពស់ និង​ភាពប្រទាក់​ក្រឡា ទាំង​ផ្ទៃក្នុង​ប្រទេស និង​ជាមួយ​តំបន់ ដែល​នឹង​បន្ត​រួមចំណែក​ជំរុញ និង​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ជាតិ ព្រមទាំង​បំពេញ​សេចក្តីត្រូវការ​សង្គម​-​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិយាប័ន្ន​។

កម្រងរូបភាព