សិក្ខាសាលាកសាងសមត្ថភាពក្រោមគម្រោង “ផែនការមេនៃទំនើបកម្មប្រព័ន្ធភស្តុភារកម្ពុជា និងគម្រោងសាកល្បងប្រព័ន្ធកុំព្យូទ័រភស្តុភារ” នៅសាធារណរដ្ឋកូរ៉េ
១៨ កញ្ញា ២០២៣
ឯកឧត្តម ឈៀង ពេជ្រ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានភស្តុភារកម្ម ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងទស្សនកិច្ចសិក្សានៅទីតាំងសំខាន់ៗពាក់ព័ន្ធវិស័យភស្តុភារកម្មនៅសាធារណរដ្ឋកូរ៉េ រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២៣។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគម្រោង “ការធ្វើទំនើបកម្មប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា និងការអនុវត្តសាកល្បងនៃប្រព័ន្ធកុំព្យូទ័រក្នុងវិស័យភស្តុភារកម្ម” ក្រោមកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការរបស់សាធារណរដ្ឋកូរ៉េ (Korea’s ODA) តាមរយៈ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ ។
វគ្គបណ្តុះបណ្តាលខ្លី និងទស្សនកិច្ចសិក្សានៅសាធារណរដ្ឋកូរ៉េនេះ មានគោលដៅសំខាន់ដូចតទៅ៖ ទី១). ពង្រឹងសមត្ថភាព និងផ្តល់ចំណេះដឹងសំខាន់ៗក្នុងការរៀបចំផែនការ និងវិធីសាស្រ្តវិភាគផលចំណេញនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម ទី២). ផ្តល់ចំណេះដឹងអំពីការធ្វើទំនើបកម្មទិន្នន័យក្នុងវិស័យភស្តុភារកម្ម និងទី៣).ការស្វែងយល់ការអនុវត្តជាក់ស្តែងនៃការធ្វើទំនើបកម្មវិស័យភស្តុភារកម្មនៅសាធារណរដ្ឋកូរ៉េ។
វគ្គបណ្ដុះបណ្ដាលខ្លីនេះ ចែកជាពីរវគ្គ វគ្គទី ១ គឺជាការសិក្សានៅក្នុងថ្នាក់ដែលមានប្រធានបទរួមមាន (១) Economic analysis of logistics in ODA projects, EIRR & FIRR calculation, (២) Logistics automation technology, (៣) Introduction and Implementation of Automation Technology in the Last-Mile Delivery Industry: A case study in Korea, (៤) Transport Management System និង (៥) Overview of Air Logistics and Smart Logistics at Airports និងវគ្គទី ២ គឺការចុះទស្សនកិច្ចសិក្សានៅ (១) Korean Superfreeze , (២) Yeosu-Gwangyang Port Authority exhibition hall, (៣) Busan Port Authority exhibition hall, និង Busan-Jinhae Free Economic Zone Authority exhibition hall ។
គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះក៏មានការចូលរួមពីវិស័យឯកជន ដែលជាភ្នាក់ងារអនុវត្តប្រព័ន្ធសាកល្បង (Pilot Project) សម្រាប់ការធ្វើទំនើបកម្មក្នុងវិស័យភស្តុភារកម្ម។
ជាចុងក្រោយ ឯកឧត្តមអគ្គនាយក ឈៀង ពេជ្រ ក៏បានថ្លែងណែនាំដល់សិក្ខាកាមចូលរួមទាំងអស់ទាំងមន្រ្តីរាជការ និងបុគ្គលិកវិស័យឯកជនយកចិត្តទុកដាក់ក្នុងការសិក្សា និងយកចំណេះដឹងទៅអនុវត្តនៅក្នុងការងារប្រចាំថ្ងៃរបស់ខ្លួន !