សិក្ខាសាលាបណ្តុះបណ្តាលស្តីពីការចងក្រងទិន្នន័យភូមិសាស្រ្តសម្រាប់ប្រព័ន្ធភ័ស្តុភារកម្មនៅកម្ពុជា
២១ មេសា ២០២៣
ក្រុងព្រះសីហនុ៖ ថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានភ័ស្តុភារកម្ម ដឹកនាំដោយលោកស្រី សន សុភាវត្តី អគ្គនាយករងនៃអគ្គនាយកដ្ឋានភ័ស្តុភារកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈៀង ពេជ្រ អគ្គនាយក នៃ អគ្គនាយកដ្ឋានភ័ស្តុភារកម្ម បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការចងក្រងទិន្នន័យភូមិសាស្រ្តសម្រាប់ប្រព័ន្ធភ័ស្តុភារកម្មនៅកម្ពុជា នៅសណ្ឋាគារឆ្នេរថ្មី ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សិក្ខាសាលាបណ្តុះបណ្តាលបានរៀបចំក្រោមក្របខណ្ឌមូលនិធិសហប្រតិបត្តិការមេគង្គ (MKCF)។ សិក្ខាសាលានេះមានការចូលរួមពីមន្ត្រីរាជការ ពីគ្រប់អគ្គនាយកដ្ឋាន កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។ គោលបំណងនៃសិក្ខាសាលាបណ្តុះបណ្តាលរួមមាន៖ (១)ចែករំលែកចំណេះដឹងផ្នែកវិស័យភ័ស្តុភារកម្មដែលទទួលបានពីការចូលរួមសិក្ខាសាលានៅសាធារណរដ្ឋកូរ៉េ (២)បណ្ដុះបណ្ដាលស្ដីអំពីការចងក្រងទិន្នន័យភូមិសាស្រ្ត និងប្រើប្រាស់ទិន្នន័យភូមិសាស្រ្តដោយប្រើប្រាស់កម្មវិធី Google earth
ក្នុងសិក្ខាសាលានេះផងដែរ លោកស្រី សន សុភាវត្តី បានចែករំលែកនូវរបាយការណ៍ស្ដីអំពីការចំណាយលើភ័ស្តុភារកម្មធៀបនឹងផលិតផលក្នុងស្រុកសរុប (Logistics Cost per GDP) ដែលបានរៀបចំដោយធនាគារពិភពលោក។ បន្ថែមពីការចែករំលែករបស់លោកស្រីអគ្គនាយករង លោក ទី សាគុណ អគ្គនាយករងទទួលបន្ទកបច្ចេកទេស តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបង្ហាញអំពីស្ថានភាពបច្ចុប្បន្ន នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងគម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ តាមរយៈការអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅជំហ៊ានទី១ (២០២៣-២០២៦) ដែលមានជម្រៅទឹក ១៤.៥ម៉ែត គឺអាចឱ្យ៩៣%នៃកប៉ាល់កុងតឺន័រក្នុងតំបន់អាស៊ី មកចូលចតបាន។ ក្នុងសិក្ខាសាលានេះផងដែរ មានការចុះទស្សនកិច្ចនៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលឱ្យសិក្ខាកាមបានឃើញផ្ទាល់នៅប្រតិបត្តិការក្នុងកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ជាចុងបញ្ចប់នៃសិក្ខាសាលាបណ្តុះបណ្តាលនេះ លោកស្រី សន សុភាវត្តី បានថ្លែងអំណរគុណជូនដល់សិក្ខាកាមដែលបានចំណាយពេលដ៏មានតម្លៃចូលរួមសិក្ខាសាលានេះ វាគ្មិននៃសិក្ខាសាលាដែលបានបណ្ដុះបណ្ដាលចែករំលែកចំណេះដឹងជូនអង្គសិក្ខាសាលា និងជាពិសេសលោក ទី សាគុណ និងក្រុមការងារកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានធ្វើបទបង្ហាញ និងសម្របសម្រួលដល់ទស្សនកិច្ចសិក្សានៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះផងដែរ។