សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងចុងក្រោយ នៃផែនការមេស្ដីពី "ទំនើបកម្មប្រព័ន្ធព័ត៌មានភស្តុភារកម្មនៅកម្ពុជា" (Cambodia Logistic Information Modernization Master Plan)
១៤ មីនា ២០២៣
ភ្នំពេញ៖ ថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ តុង ផល្លី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើ សេចក្តីព្រាងចុងក្រោយនៃផែនការមេស្ដីពី "ទំនើបកម្មប្រព័ន្ធព័ត៌មានភស្តុភារកម្មនៅកម្ពុជា" ក្រោមក្រមខណ្ឌជំនួយអភិវឌ្ឍន៍ផ្លូវការ របស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ។ សេចក្តីព្រាងចុងក្រោយ នៃផែនការមេស្ដីពី "ទំនើបកម្មប្រព័ន្ធព័ត៌មានភស្តុភារកម្មនៅកម្ពុជា" ត្រូវបានការសហការរៀបចំឡើងដោយវិទ្យាស្ថាន Korea Research Institute for Human Settlements (KRIHS) ក្រុមហ៊ុន Neighbor System សកលវិទ្យាល័យ Incheon National University និងក្រុមហ៊ុន SAMOOCM ផងដែរ។ តាមរយៈការចុះប្រមូលទិន្នន័យធាតុចូល ការប្រជុំពិភាក្សា ស្រាវជ្រាវឯកសារ និងអនុវត្តសាកល្បងក្នុងរយៈពេលកន្លងមក ថ្ងៃនេះក្រុមអ្នកជំនាញ នៃសាធារណរដ្ឋកូរ៉េ បានរៀបចំពង្រាងផែនការមេ ស្តីពី “ទំនើបកម្មប្រព័ន្ធព័ត៌មានភ័ស្តុភារកម្មនៅកម្ពុជា” ដើម្បីដាក់ជូនអង្គសិក្ខាសាលាពិនិត្យ និងផ្តល់យោបល់។ ដើម្បីឱ្យផែនការមេនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ សិក្ខាសាលាពិគ្រោះយោបល់គឺជាឱកាស សម្រាប់ភាគីពាក់ព័ន្ធ ទាំងវិស័យរដ្ឋ និងឯកជន ដើម្បីពិភាក្សារួមគ្នា និងផ្តល់យោបល់ទៅលើសេចក្តីព្រាងចុងក្រោយនៃផែនការមេនេះ។