MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

សិក្ខាសាលាចែករំលែកចំណេះដឹងស្តីពី “ការចងក្រង ប្រមូលនិងរៀបចំស្ថិតិភ័ស្តុភារកម្ម”

២៨ មេសា ២០២២

ខេត្ត​ព្រះសីហនុ៖ ថ្ងៃព្រហស្បតិ៍ ១២​រោច ខែ​ចេត្រ ឆ្នាំ​ខាល ចត្វា​ស័ក ព.ស.២៥៦៥ ត្រូវនឹង​ថ្ងៃទី​២៨​-​២៩ ខែមេសា ឆ្នាំ​២០២២ អគ្គ​នាយកដ្ឋាន​ភស្តុភារ​កម្ម តាមរយៈ​គម្រោង​សហប្រតិបត្តិការ​បច្ចេកទេស​នៃ​មូលនិធិ​សហប្រតិបត្តិការ​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​(MKCF) បាន​រៀបចំ​សិក្ខាសាលា​ចែករំលែក​ចំណេះដឹង សម្រាប់​ការកសាង​សមត្ថភាព និង​ពង្រឹង​ស្ថាប័ន ដើម្បី​រៀបចំ​ក្របខណ្ឌ​ត្រួតពិនិត្យ និង​វាយតម្លៃ​វិស័យ​ភស្តុភារ​កម្ម និង​ទិន្នន័យ​ភស្តុភារកម្ម​នៅ​ប្រទេស​កម្ពុជា ព្រមទាំង​កិច្ចសហការ​រវាង​ប្រទេស​កម្ពុជា​-​ឡាវ​-​វៀតណាម ក្រោម​អធិបតិភាព **ឯកឧត្តម ឈៀង ពេជ្រ **អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ភស្តុភារ​កម្ម ដោយ​មាន​សិក្ខាកាម​ចូលរួម​ដោយ​ផ្ទាល់ និង​តាមរយៈ​វីឌីអូ​ពី​ចម្ងាយ​សរុប​ប្រមាណ​៦០​នាក់ ក្នុង​នោះ​មាន​ការចូលរួម​ដោយ​ផ្ទាល់​ពី​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ កំពង់ផែ​ស្វយ័ត​ភ្នំពេញ សមាគម​ភស្តុភារ​កម្ម​កម្ពុជា (CLA) សមាគម​ដឹកជញ្ជូន​ទំនិញ​ផ្លូវគោក​កម្ពុជា (CAMTA) និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។ ព្រមទាំង​មាន​ការចូលរួម​តាមរយៈ​វីឌីអូ​ពី​ចម្ងាយ​ពី​អ្នកជំនាញ​អន្តរជាតិ​ផ្នែក​ភស្តុភារ​កម្ម តំណាង​វិទ្យាស្ថាន​មេគង្គ (Mekong Institute) ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៃ​ប្រទេស​ឡាវ និង​ក្រសួង​ដឹកជញ្ជូន នៃ​ប្រទេស​វៀតណាម​។

សិក្ខាសាលា​នេះ បាន​រៀបចំឡើង​ក្នុង​គោលបំណង​កសាង និង​ពង្រឹង​សមត្ថភាព​មន្រ្តី និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​វិស័យ​រដ្ឋ និង​ឯកជន​អំពី​ការរៀបចំ​ចងក្រង និង​ប្រមូល​ទិន្នន័យ​ស្ថិតិ​មូលដ្ឋាន ព្រមទាំង​ការពង្រឹង​សមត្ថភាព​ផ្នែក​ការរៀបចំ​ក្របខណ្ឌ​ត្រួតពិនិត្យ និង​វាយតម្លៃ​វិស័យ​ភស្តុភារ​កម្ម និង​ទិន្នន័យ​ភស្តុភារ​កម្ម​ក្នុង​ប្រទេស​កម្ពុជា​។

ទន្ទឹម​នេះ សិក្ខាសាលា​ក៏​មាន​ការចូលរួម​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​អំពី​ការរៀបចំ​ចងក្រង ការប្រមូល និង​គ្រប់គ្រង​ទិន្នន័យ វិស័យ​ដឹកជញ្ជូន និង​ភស្តុភារ​កម្ម រវាង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​នៃ​ប្រទេស​កម្ពុជា និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៃ​ប្រទេស​ឡាវ និង​ក្រសួង​ដឹកជញ្ជូន​នៃ​ប្រទេស​វៀតណាម​។

កម្រងរូបភាពនៃសិក្ខាសាលា