កិច្ចប្រជុំលើកទី២របស់គណៈកម្មាធិការជាតិ ភស្តុភារកម្ម(គ.ជ.ភ)
២៥ មិថុនា ២០២១
ថ្ងៃសុក្រ ១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២របស់គណៈកម្មាធិការជាតិភស្តុភារកម្ម(គ.ជ.ភ) ដើម្បីពិនិត្យសេចក្តី ព្រាងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ពីឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយក រដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឈិត សុខុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងការចូលរួមតាមប្រព័ន្ធវីដេអូ ពីចម្ងាយពីឯកឧត្តម សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធសរុបទាំង អស់ប្រមាណ៧២រូប។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ចូលរួមផ្តល់ធាតុចូលសំខាន់ៗបន្ថែមទៀត ដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រាងផែនការមេស្តីពី ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មឱ្យមានភាពគ្រប់ជ្រុងជ្រោយ ដើម្បីស្នើសុំកម្មវិធី ជួបពិភាក្សាជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្មកម្ពុជា ដើម្បីពិនិត្យលើខ្លឹមសារនៃសេចក្តីព្រាងនេះ ចុងក្រោយ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើឱ្យអង្គប្រជុំពិនិត្យបញ្ចូលគម្រោងសាងសង់តភ្ជាប់ ផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ និងគម្រោងសាងសង់ផ្លូវមួយចំនួនរួមមាន៖ គម្រោងសាងសង់ផ្លូវបាត់ ដំបង-សៀមរាប គម្រោងសាងសង់ផ្លូវលេខ៥៧ គម្រោងសាងសង់ផ្លូវលេខ៥០សេ ទៅក្នុងសេចក្តីព្រាង ផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងបានណែនាំឱ្យក្រុមការងារពិនិត្យ និងរៀបចំផែនការសាងសង់ផ្លូវ៥ឆ្នាំរំកិល ដើម្បីយកមកបញ្ចូលក្នុងសេចក្តីព្រាងផែនការមេនេះផងដែរ។ គួរកត់សម្គាល់ថា៖ សេចក្តីព្រាងផែនការមេស្តីពី៖ ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និង ភស្តុភារកម្ម រៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសជប៉ុន(JICA) ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨ និង ទទួលបានការអនុម័តឱ្យប្រើប្រាស់កាលពីថ្ងៃទី០៦ខែមករាឆ្នាំ២០២០ ដោយក្រុមប្រឹក្សាជាតិភស្តុភារកម្ម។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាវដល់ភាគី ពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់អនុសាសន៍ ក៏ដូចជាធាតុចូលសំខាន់ៗសម្រាប់ការរៀបចំសេចក្តីព្រាងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មនេះ៕