សិក្ខាសាលាថ្នាក់តំបន់ និងទស្សនកិច្ចសិក្សាស្តីពី «ការរៀបចំប្រព័ន្ធរក្សាទុក និងគ្រប់គ្រងទិន្នន័យភ័ស្តុភារកម្មសម្រាប់តំបន់មេគង្គ ក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម
១៥ ឧសភា ២០២៣
រដ្ឋធានីហាណូយ ប្រទេសវៀតណាម៖ ថ្ងៃទី១៥-១៧ ខែឧសភា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានភ័ស្តុភារកម្មដឹកនាំដោយ ឯកឧត្តម ឈៀង ពេជ្រ អគ្គនាយក បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ និងទស្សនកិច្ចសិក្សាស្តីពី «ការរៀបចំប្រព័ន្ធរក្សាទុក និងគ្រប់គ្រងទិន្នន័យភ័ស្តុភារកម្មសម្រាប់តំបន់មេគង្គ ក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម (Regional Workshop and Exchange Visit on Development of Logistics Database System for Mekong Region - CLV countries)» នៅប្រទេសវៀតណាម។
អគ្គនាយកដ្ឋានភ័ស្តុភារកម្ម បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ និងទស្សនកិច្ចសិក្សាស្តីពី «ការរៀបចំប្រព័ន្ធរក្សាទុក និងគ្រប់គ្រងទិន្នន័យភ័ស្តុភារកម្មសម្រាប់តំបន់មេគង្គ ក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម (Regional Workshop and Exchange Visit on Development of Logistics Database System for Mekong Region - CLV countries)» ក្រោមក្របខណ្ឌមូលនិធិសហប្រតិបត្តិការមេគង្គ (MKCF) ក្នុងរយៈពេល ៣ថ្ងៃ ចាប់ថ្ងៃទី១៥ ដលទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ សិក្ខាសាលានេះ មានការចូលរួមពីមន្ត្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូននៃប្រទេសឡាវ និងក្រសួងដឹកជញ្ជូននៃប្រទេសវៀតណាម ក៏ដូចជាមន្រី្តចំណុះអគ្គនាយកដ្ឋានភ័ស្តុភារកម្ម និងតំណាងមកពីកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ស្វយ័តក្រុងព្រះសីហនុ ផងដែរ។ សិក្ខាសាលា និងទស្សនកិច្ចសិក្សានេះ មានគោលបំណងពង្រឹងសមត្ថភាព និងចែករំលែកបទពិសោធន៍ និងចំណេះដឹង របស់ភាគីពាក់ព័ន្ធ ក្នុងការរៀបចំប្រព័ន្ធរក្សាទុក និងគ្រប់គ្រងទិន្នន័យភ័ស្តុភារកម្មសម្រាប់តំបន់មេគង្គ ក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម។
សិក្ខាសាលា និងទស្សនកិច្ចសិក្សា នឹងផ្តោតសំខាន់ទៅលើ៖ (១) ការធ្វើបទបង្ហាញចែករំលែកចំណេះដឹង និងបទពិសោធន៍នៃប្រទេសនីមួយៗ ក្នុងការរៀបចំប្រព័ន្ធរក្សាទុក និងគ្រប់គ្រងទិន្នន័យភ័ស្តុភារកម្ម, (២) ការធ្វើទស្សនកិច្ចសិក្សានៅ Tan Cang - Hai Phong International Container Terminal (TC-HICT), Logistics Center in Hai Phong, និង Vietnam Maritime University, និង (៣) ការពិភាក្សាក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យភ័ស្តុភារកម្មក្នុងតំបន់ ជាមួយប្រទេសវៀតណាម។
នាឱកាសក្នុងសិក្ខាសាលានេះ ឯកឧត្តមអគ្គនាយកភ័ស្តុភារកម្ម បានថ្លែងអំណរគុណដល់ តំណាងមកពីក្រសួងសាធារណការ និងដឹកជញ្ជូន នៃប្រទេសឡាវ និងក្រសួងដឹកជញ្ជូន នៃប្រទេសវៀតណាម ដែលបានចូលរួមដោយផ្ទាល់, តំណាងមកពីវិទ្យាស្ថានមេគង្គ (MI), ក៏ដូចជាក្រុមការងារដែលបានរៀបចំសិក្ខាសាលានេះឡើងនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។ ឯកឧត្តមអគ្គនាយក សង្ឃឹមថាសិក្ខាសាលា និងដំណើរទស្សនកិច្ចសិក្សានេះ នឹងបន្តជំរុញនូវការផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងក្នុងការរៀបចំប្រព័ន្ធរក្សាទុក និងគ្រប់គ្រងទិន្នន័យភ័ស្តុភារកម្ម និងកិច្ចសហប្រតិបត្តិការនានា ក្នុងវិស័យភ័ស្តុភារកម្ម រវាងប្រទេស កម្ពុជា ឡាវ និងវៀតណាម។