MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

វេទិកាវិស័យដឹកជញ្ជូន និងភ័ស្តុភារកម្ម ឆ្នាំ២០២៣

២០ មេសា ២០២៣

ថ្ងៃព្រហស្បត្តិ៍ ១​កើត ខែ​ពិសាខ ឆ្នាំ​ថោះ បញ្ចស័ក ត្រូវនឹង​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២៣ ឯកឧត្តម ឈៀង ពេជ្រ អគ្គ​នាយក នៃ​អគ្គ​នាយកដ្ឋាន​ភ័ស្តុភារ​កម្ម បាន​ដឹកនាំ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ចំណុះ​អគ្គ​នាយកដ្ឋាន​ភស្តុភារ​កម្ម ចូលរួម​ក្នុង​កម្មវិធី «​វេទិកា​វិស័យ​ដឹកជញ្ជូន និង​ភ័ស្តុភារ​កម្ម ឆ្នាំ​២០២៣​» (Transports and Logistics Forum 2023) រៀបចំ​ដោយ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា (EuroCham Cambodia) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់​ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​សណ្ឋាគារ Raffles Hotel Le Royal​។

វេទិកា​វិស័យ​ដឹកជញ្ជូន និង​ភស្តុភារ​កម្ម ឆ្នាំ​២០២៣ (Transport and Logistics Forum 2023) ត្រូវបាន​រៀបចំឡើង​ដោយ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EuroCham Cambodia) ក្នុង​គោលបំណង​ដើម្បី​ចែករំលែក​ព័ត៌មាន​បច្ចុប្បន្នភាព​ទាក់ទង​នឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​វិស័យ​ភស្តុភារ​កម្ម​នៅ​កម្ពុជា ក៏​ដូចជា​ដើម្បី​ពិភាក្សា ផ្លាស់ប្តូរ​យោបល់ សំដៅ​ឱ្យ​វិនិយោគិន​ពី​វិស័យ​ឯកជន បាន​ស្វែងយល់​អំពី​សក្តានុពល និង​កាលានុវត្តភាព​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​គុណភាព​ខ្ពស់ ដែល​នេះ​ជា​ការចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​ថែម​ទៀត​។

ថ្លែង​នៅក្នុង​សុន្ទរកថា​បើក​កម្មវិធី​នា​ឱកាស​នោះ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ការអភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន នៅតែ​ជា​យុទ្ធសាស្រ្ត​ចម្បង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការលើកកម្ពស់​សេដ្ឋកិច្ច​ជាតិ ខណៈ​នេះ​យើង​កំពុង​ស្ថិត​ក្នុង​ដំណើរការ​នៃ​ការបញ្ចប់ ផែនការ​មេ​គ្រប់​ជ្រុងជ្រោយ​ស្តីពី​ការដឹកជញ្ជូន​អន្តរ​មធ្យោបាយ​កម្ពុជា 2022-2030 (CIT-MP)​។ បន្ថែម​ពីលើ​នោះ គម្រោង​សំខាន់​ៗ​មួយចំនួន កំពុង​ត្រូវបាន​សិក្សា និង​អនុវត្ត​ជាបន្តបន្ទាប់ ជាក់ស្តែង​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​, គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​សៀមរាប​, គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ភ្នំពេញ​-​ប៉ោយប៉ែត​, គម្រោង​ផ្លូវ​នាវា​ចរណ៍ និង​ប្រព័ន្ធ​ភស្តុភារ​កម្ម​ទន្លេ​បាសាក់​, គម្រោង​ពង្រីក​វិសាលភាព​កំពង់ផែ​ទឹក​ជ្រៅ​ក្នុង​ក្រុង​ព្រះសីហនុ ក៏​ដូចជា​គម្រោង​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម នៅ​ក្រុង​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ​។

ឯកឧត្តម ឈៀង ពេជ្រ អគ្គ​នាយក នៃ​អគ្គ​នាយកដ្ឋាន​ភ័ស្តុភារ​កម្ម ក៏​បាន​ធ្វើ​បទបង្ហាញ​លើ​ផែនការ​មេ​គ្រប់​ជ្រុងជ្រោយ​ស្តីពី​ការដឹកជញ្ជូន​អន្តរ​មធ្យោបាយ​កម្ពុជា 2022-2030 (CIT-MP) ដែល​ជា​ការរួមបញ្ចូល​គ្នា​នៃ​ផែនការ​មេការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវគោក ផ្លូវ​ដែក ផ្លូវ​ទឹក ផ្លូវ​អាកាស កំពង់ផែ ភស្តុភារ​កម្ម និង​ការដឹកជញ្ជូន​អន្តរកម្ម​។ គម្រោង​រ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន​ ១៥០ ​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង CIT-MP ដែល​ត្រូវការ​ទំហំ​ទឹកប្រាក់​វិនិយោគ​ប្រមាណ ៣០​ពាន់​លាន​ដុល្លារ​អាមេរិក នឹង​ត្រូវ​អនុវត្ត​ក្នុង​រយៈពេល ១០​ឆ្នាំ​ខាងមុខ​។

កម្រងរូបភាព