គម្រោងពង្រឹងការប្រកួតប្រជែងកំពង់ផែស្វយ័តភ្នំពេញ (P15-S1)
គម្រោងនេះ រួមមានការសាងសង់ស្ពានផែ និងចំណតផែជាច្រើនទៀត នៅតាមដងទន្លេមេគង្គ និងទន្លេសាប ក្នុងតំបន់ពាណិជ្ជកម្មនៃកំពង់ផែស្វយ័តភ្នំពេញ ព្រមទាំងគម្រោងសាងសង់ឃ្លាំង និងមជ្ឈមណ្ឌលភ័ស្តុភារកម្មនៅទីក្រុងភ្នំពេញ។ គោលបំណងនៃគម្រោងរួមមាន ការជំរុញការដឹកជញ្ជូនទៅកាន់អន្តរជាតិ តាមផ្លូវទឹក ដោយប្រើប្រាស់ទន្លេមេគង្គ និងទន្លេសាប។ គម្រោងមានគោលបំណងសម្របសម្រួលការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពនៅជុំវិញទីក្រុងភ្នំពេញ ដែលនឹងបន្ថយថ្លៃដឹកជញ្ជូនទាបជាងមុន និងផ្តល់សេវាកម្មដឹកជញ្ជូនល្អប្រសើរ, រួមទាំងផ្តល់នូវកន្លែងលើកដាក់ទំនិញ និងការរក្សាទុកប្រកបដោយសុវត្ថិភាព សម្រាប់ស្តុកទុកទំនិញគ្រោះថ្នាក់ នៅក្នុងតំបន់កំពង់ផែ ដោយអនុលោមតាមកិច្ចព្រមព្រៀងក្នុងចំណោមបណ្តាប្រទេសអាស៊ាន។
គម្រោងខាងលើ មានធាតុចូលចំនួន ៧ ដូចខាងក្រោម៖
- ការពង្រីកទីលានផ្ទុកកុងតឺន័របន្ថែម
- ការធ្វើឱ្យប្រសើរឡើងនូវសេវាកម្មកំពង់ផែ ដូចជាការបង្កើតឡើងនូវមជ្ឈមណ្ឌលភ័ស្តុភារកម្ម។ល។
- ការអភិវឌ្ឍទីលានផ្ទុកទំនិញគ្រោះថ្នាក់ ដែលរួមមានទាំងប្រតិបត្តិការ និងការគ្រប់គ្រង
- ការកសាងសមត្ថភាពបន្ថែមនូវការបូមស្តារ និងថែទាំផ្លូវនាវាចរណ៍
- ប្រព័ន្ធព័ត៌មានគ្រប់គ្រង និងតាមដាននាវា
- ការអភិវឌ្ឍចំណតផែរណបពហុបំណងតាមដងទន្លេ
- ការអភិវឌ្ឍយុទ្ធសាស្ត្រលើកកម្ពស់ការផ្សព្វផ្សាយ និងការលក់។
គម្រោងត្រូវបានអនុវត្តដោយកំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) ដែលប្រើប្រាស់ថវិកាទុនវិនិយោគរបស់ ក.ស.ភ. និងដៃគូសហការ។ ដោយផ្តល់នូវអត្ថប្រយោជន៍រួមមាន ការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពប្រតិបត្តិការ និងហិរញ្ញវត្ថុ, កាត់បន្ថយថ្លៃដើមភ័ស្តុភារកម្ម តាមរយៈការធ្វើនាវាចរណ៍មានសុវត្ថិភាព លឿនរហ័ស និងសេវាកម្មប្រកបដោយប្រសិទ្ធភាព, និង បរិមាណពាណិជ្ជកម្មកាន់តែខ្ពស់ និងការបង្កើនចំណូលរបស់រដ្ឋាភិបាល។
បច្ចុប្បន្ន គម្រោងនេះកំពុងដំណើរការ និងសម្រេចបានវឌ្ឍនភាពដូចជា៖ ការពង្រីកទីលានផ្ទុកកុងតឺន័រជំហានទី៣ LM17 សម្រេចបាន ៥០%, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស (SEZ) ពុំទាន់ចាប់ផ្តើម (មានផ្ទៃដីគ្រប់គ្រាន់សម្រាប់បម្រើដល់ការងារអភិវឌ្ឍន៍ ប៉ុន្តែកំពុងស្វែងរកដៃគូវិនិយោគ), ការអភិវឌ្ឍទីលានផ្ទុកទំនិញគ្រោះថ្នាក់ ដែលរួមមានទាំងប្រតិបត្តិការ និងការគ្រប់គ្រង។ បច្ចុប្បន្ននេះ ក.ស.ភ. កំពុងប្រើប្រាស់ទីតាំងមួយផ្នែកនៃចំណតផែកុងតឺន័រ LM17 ដើម្បីរក្សាទុកទំនិញគ្រោះថ្នាក់។ ការកសាងសមត្ថភាពបន្ថែមនូវការបូមស្តារ និងថែទាំផ្លូវនាវាចរណ៍។ ជារៀងរាល់ឆ្នាំ ក.ស.ភ. តែងតែធ្វើការវាស់ស្ទង់ បូមស្តារ និងថែទាំ ផ្លូវនាវាចរណ៍ជាប្រចាំ ចាប់ពីក្អមសំណរហូតដល់ចំណតផែទន្លេបិទ (UM2) និងពីចតុមុខរហូតដល់ឆ្នុកទ្រូ។
ប្រព័ន្ធព័ត៌មានគ្រប់គ្រង និងតាមដាននាវា ក.ស.ភ. បានធ្វើទំនើបកម្មប្រព័ន្ធ AIS ដែលអាចទទួលបានទិន្នន័យរបស់នាវានៅពេលជាក់ស្តែង ៥០%
ការអភិវឌ្ឍចំណតផែរណបពហុបំណងតាមដងទន្លេ ១៣%
ក. ចំណតផែរណបពហុបំណងទន្លេបិទ (UM2) ១៦% នៃគម្រោងអភិវឌ្ឍន៍
ខ. ចំណតផែរណបពហុបំណងកោះរកា (LM26) ៤% នៃគម្រោងអភិវឌ្ឍន៍ (បច្ចុប្បន្ននេះ កំពុងដាក់ឱ្យដំណើរការប្រតិបត្តិការលើកដាក់ទំនិញកសិផលជាបណ្តើរៗ ដោយបំពាក់ Conveyor ចំនួន ៧ខ្សែ និងជញ្ជីងចំនួន ២សម្រាប់)
គ. ចំណតផែរណបពហុបំណង TS11 ២៣% នៃគម្រោងអភិវឌ្ឍន៍។ មានការអភិវឌ្ឍយុទ្ធសាស្ត្រលើកកម្ពស់ការផ្សព្វផ្សាយនិងការលក់ជាប្រចាំ។
គម្រោងនេះ ក៏មានជួបនូវបញ្ហាប្រឈមមួយចំនួនដូចជា៖ កង្វះប្រភពទុន និងដៃគូសហការវិនិយោគ, ពុំទាន់មានផ្លូវតភ្ជាប់ពីផ្លូវក្រវាត់ក្រុងទី៣ មកតំបន់សេដ្ឋកិច្ចពិសេស, កង្វះទីតាំងស្តុកទុកទំនិញគ្រោះថ្នាក់, សម្ភារទំនើបៗ និងឧបករណ៍ការពារនិងសង្រ្គោះបន្ទាន់, កង្វះខាតប្រព័ន្ធAIS សម្រាប់បំពាក់លើនាវាបន្ថែម, និងកង្វះខាតធនធានមនុស្ស។
ឆ្លើយតបនឹងបញ្ហាចំពោះមុខ ក្រុមការងារក៏បានស្នើនូវដំណោះស្រាយមួយចំនួនរួមមាន៖ ១) ស្នើសុំក្រសួងអាណាព្យាបាលជួយរកដៃគូសហការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស និងស្នើសុំសាងសង់ផ្លូវតភ្ជាប់ពីផ្លូវក្រវាត់ក្រុងទី៣ មកកាន់តំបន់សេដ្ឋកិច្ចពិសេស និងការតភ្ជាប់ផ្លូវរថភ្លើងមកកាន់ចំណតផែកុងតឺន័រ LM17 & TS11, ២) ស្នើសុំផ្តល់ជំនួយបន្ថែមលើសម្ភារៈ និងឧបករណ៍ ដែលបម្រើដល់ការងារបូមស្តារឱ្យកាន់តែមានប្រសិទ្ធភាព, ៣) ស្នើសុំជំនួយបំពាក់បន្ថែមនូវប្រព័ន្ធ AIS, ៤) ស្នើសុំក្រសួងស្វែងរកដៃគូវិនិយោគ បង្កើតចំណតផែរណបតាមដងទន្លេ និងស្នើសុំក្រសួងអន្តរាគមន៍លើការបង្កើតការដឹកជញ្ជូនត្រង់ រវាងកំពង់ផែរណប និងកំពង់ផែប្រទេសវៀតណាម, និង ៥) ក.ស.ភ. នឹងធ្វើការបណ្តុះបណ្តាលធនធានមនុស្សបន្ថែម។