កិច្ចសន្ទនារវាងរដ្ឋ និងឯកជន (P42-S1)
តួនាទីដ៏សំខាន់មួយរបស់អគ្គនាយកដ្ឋានភ័ស្តុភារកម្ម (អ.ភ.ក.) គឺត្រូវដឹកនាំ គ្រប់គ្រង និងសម្របសម្រួលបញ្ហាផ្សេងៗក្នុងវិស័យភ័ស្តុភារកម្មជាមួយវិស័យឯកជន ដោយហេតុថា អ.ភ.ក. គឺជាលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម និងគណៈកម្មាធិការជាតិភ័ស្តុភារកម្ម។
ក្នុងន័យនេះ អ.ភ.ក. បាននឹងកំពុងកសាង និងពង្រីកទំនាក់ទំនងជាមួយវិស័យឯកជនឱ្យកាន់តែប្រសើរឡើងថែមទៀត។
សម្រាប់ឆ្នាំ២០២១នេះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា ការរៀបចំកិច្ចប្រជុំសន្ទនារវាងរដ្ឋ និងឯកជនមិនបានប្រព្រឹត្តទៅទេ។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានភ័ស្តុភារកម្ម បានរៀបចំការស្ទង់មតិជាមួយវិស័យឯកជន តាមរយៈប្រព័ន្ធអនឡាញ ដើម្បីប្រមូលធាតុចូល និងទិន្នន័យពាក់ព័ន្ធនឹងថ្លៃចំណាយ និងពេលវេលាដឹកជញ្ជូនទាំងក្នុង និងក្រៅប្រទេសនៃវិស័យភ័ស្តុភារកម្ម។ អ.ភ.ក. បានរក្សានូវទំនាក់ទំនងយ៉ាងជិតស្និតជាមួយសមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា (CAMTA) និងសមាគមភ័ស្តុភារកម្មកម្ពុជា (CLA) ដោយបានអញ្ជើញសមាគមទាំងពីរ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពលើកទី២ ស្តីពីការអនុវត្តផែនការមេជាតិស្តីពី ការតភ្ជាប់ប្រព័ន្ធពហុមធ្យោបាយដឹកជញ្ជូន និងភ័ស្តុភារកម្ម តាមរយៈ ប្រព័ន្ធវីដេអូពីចម្ងាយ។