គោលនយោបាយលើកកម្ពស់ភ័ស្តុភារកម្មបៃតង (P43-M1)
ផ្អែកលើការសិក្សាមូលដ្ឋានដែលបានធ្វើឡើងនៅក្នុង P43-S1 និងផែនការសកម្មភាព និងគោលនយោបាយផ្សេងៗដែលមានស្រាប់ទាក់ទងនឹងភ័ស្តុភារកម្មបៃតង ក្រុមការងារក្នុងក្រសួង និងក្រុមការងារអន្តរក្រសួងត្រូវបានបង្កើតឡើង ដើម្បីរៀបចំផែនការសកម្មភាពក្នុងការលើកកម្ពស់ភ័ស្តុភារកម្មបៃតង។ គម្រោងនេះមានសារៈសំខាន់ណាស់ក្នុងការផ្តួចផ្តើមសកម្មភាពសាធារណៈ និងឯកជន ដោយចាប់ផ្តើមពីការលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃភ័ស្តុភារកម្មបៃតងនៅក្នុងប្រទេសកម្ពុជា និងបង្កើតប្រព័ន្ធលើកទឹកចិត្ត ឬប្រព័ន្ធជំរុញដើម្បីឱ្យក្រុមហ៊ុនផ្តល់នូវសេវាកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន។
គម្រោងនេះត្រូវបានរំពឹងថានឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗរួមមាន៖ (១) ការបញ្ជ្រាបគោលគំនិតអំពីភ័ស្តុភារកម្មបៃតង និងការមិនប្រើប្រាស់សេវាភ័ស្តុភារកម្មដែលបង្កគ្រោះថ្នាក់ដល់បរិស្ថាន ដើម្បីគ្រប់គ្រងការបំភាយឧស្ម័នកាបូនឌីអ៊ុកស៊ីត (CO2) ចេញពីឧស្សាហកម្មភ័ស្តុភារកម្ម និង (២) ការបង្កើនល្បឿននៃការផ្លាស់ប្តូរប្រភេទមធ្យោបាយដឹកជញ្ជូនតាមផ្លូវគោកទៅប្រភេទមធ្យោបាយដឹកជញ្ជូនផ្សេងទៀតដូចជា៖ ផ្លូវដែក និងផ្លូវទឹក។
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ បានរៀបចំសេចក្តីព្រាងផែនការសកម្មភាព ស្តីពីការប្រែប្រួលអាកាសធាតុ (CCAP) សម្រាប់វិស័យដឹកជញ្ជូនឆ្នាំ ២០២០-២០២៣ នៅឆ្នាំ២០២០ រួចហើយ។ ដោយមានការគាំទ្រពីអង្គការ JICA ក្រុមការងារពិសេសដែលមានសមាសភាពពីនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានបង្កើតឡើងនៅខែធ្នូ ឆ្នាំ២០២០ ដើម្បីបន្ថែមសកម្មភាពពាក់ព័ន្ធនឹងការដឹកជញ្ជូនទៅក្នុង CCAP សម្រាប់វិស័យដឹកជញ្ជូន។ នៅខែឧសភា ឆ្នាំ២០២១ ក្រុមការងារនេះបានបញ្ចប់សេចក្តីព្រាងចុងក្រោយនៃ CCAP សម្រាប់វិស័យ ដឹកជញ្ជូនដើម្បីទទួលបានការឯកភាពជាផ្លូវការពី ឯកឧត្តមទេសរដ្ឋមន្ត្រី។