MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

គម្រោង​ពន្លឿន​ការអនុវត្ដ​កិច្ចព្រមព្រៀង ស្ដីពី​ពាណិជ្ជកម្ម និង​ការឆ្លងកាត់​ព្រំដែន (P53-S1)

គម្រោង​នេះ​មាន​គោលបំណង​ពន្លឿន​ការចរចា និង​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​ការឆ្លងកាត់​ព្រំដែន ដើម្បី​កាត់បន្ថយ​របាំង​ពាណិជ្ជកម្ម (Lower Trade Barriers) និង​បញ្ហា​ប្រឈម​ផ្សេង​ៗ​នៅ​ច្រកទ្វារ​ព្រំដែន ក្នុង​ការបង្កើន​សកម្មភាព​វិស័យ​ភ័ស្តុភារ​កម្ម​នៅក្នុង​តំបន់ (Logistics movements) និង​ពង្រឹង​ទីផ្សារ​ប្រកួតប្រជែង​របស់​កម្ពុជា​។

អគ្គ​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក គឺជា​អង្គភាព​មួយ​ក្នុង​ចំណោម​អង្គភាព​ពាក់ព័ន្ធ​ដទៃ​ទៀត ដែល​ចូលរួម​ក្នុង​ការអនុវត្ត​គម្រោង​នេះ ដែល​ផ្តល់​នូវ​អត្ថប្រយោជន៍​សេដ្ឋកិច្ច​រួមមា​ន៖ (១) ទំនិញ​មាន​តម្លៃ​ថោក​ជាង​មុន ដែល​អ្នកប្រើប្រាស់​អាច​ទទួលយក​បាន តាមរយៈ​កម្មវិធី​កាត់បន្ថយ​/ លុបបំបាត់​ពន្ធ​គយ​, (​២​) បង្កើន​ការប្រកួតប្រជែង​ទីផ្សារ​សម្រាប់​ការនាំចូល និង​ការផ្តល់​ទីផ្សារ​រួម អាស៊ាន ជាមួយនឹង​ការបែងចែក​ការប្រើប្រាស់​ធនធាន​កាន់តែ​ប្រសើរ​, (​៣​) រំហូរ​ពាណិជ្ជកម្ម​មាន​ការបើកចំហ និង​តម្លាភាព​ជាមួយនឹង​នីតិវិធី​ពាណិជ្ជកម្ម​ស្តង់ដារ​អន្តរជាតិ តាមរយៈ​ការកាត់បន្ថយ​/​លុបបំបាត់​ពន្ធ​គយ​, (​៤​) ជម្រើស​ដឹកជញ្ជូន​ដែល​មាន​តម្លៃ​ថោក និង​លឿន​ជាង​មុន ដែល​អនុញ្ញាតឱ្យ​វិស័យ​ឯកជន​ប្រើប្រាស់​យានជំនិះ​ដឹកជញ្ជូន​មាន​ប្រសិទ្ធភាព​, និង (​៥​) ការការពារ​ផ្នែក​ច្បាប់ នឹង​ត្រូវ​ផ្តល់​ជូន​ប្រតិបត្តិករ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ ជាមួយនឹង​បទបញ្ជា​ដែល​មាន​ស្រាប់​។ សមាសធាតុ​សំខាន់​ៗ​នៃ​គម្រោង​រួមមាន៖ (​១​) ការអនុវត្ត​តារាង​ពន្ធ​គយ​សូន្យ​នៅក្នុង​អាស៊ាន (​២​) ការអនុវត្ត​កិច្ចព្រមព្រៀង​ទាំងអស់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) និង (​៣​) ការចរចា​បន្ថែម​លើ CBTA​, កិច្ចព្រមព្រៀង​ទ្វេ​ភាគី និង AFAFGIT និង AFAMT​។

នៅក្នុង​សមាសធាតុ​សំខាន់​ៗ​ចំនួន​៣ ខាងលើ​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជា​ស្ថាប័ន​ដែល​បាន​ចូលរួម​អនុវត្ត​នៅក្នុង​សមាសធាតុ​ទី​៣ តែ​ប៉ុណ្ណោះ​។
ក​.​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន សម្រាប់​សម្របសម្រួល​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់ (ASEAN Framework Agreement on the Facilitation of Goods in Transit - AFAFGIT)​៖

  • ARISE Plus បន្ត​ជួយ​ដល់​ស្ថាប័ន​គយ​នៃ​បណ្តា​ប្រទេស​អាស៊ាន ដើម្បី​រៀបចំ​ប្រព័ន្ធ​ឆ្លងកាត់​គយ​អាស៊ាន (ASEAN Customs Transit System - ACTS) និង​បាន​សម្ពោធ​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​គយ​នេះ ក្រោម​ការជួយ​ឧបត្ថម្ភ​ពី​សហគមន៍​អឺរ៉ុប
  • បណ្ដា​ប្រទេស​ដែល​ស្ម័គ្រចិត្ត​ក្នុង​ការអនុវត្ត ACTS នេះ អាចនឹង​ផ្ដល់​លិខិត​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​របស់​ប្រទេស​នីមួយ​ៗ​រហូតដល់ ៥០០​គ្រឿង​។ ប្រទេស​កម្ពុជា​បាន​ត្រៀមខ្លួន​ក្នុង​ការផ្តល់​នូវ​លិខិត​អនុញ្ញាត​នេះ​រួចរាល់​ហើយ
  • តាម​នីតិវិធី អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នឹង​ត្រូវ​ផ្ដល់​បញ្ជី​ប្រតិបត្តិករ​បញ្ចូន​ទំនិញ (Principal) ជាមួយនឹង​ការជ្រើសរើស​ប្រតិបត្តិករ​ដឹកជញ្ជូន​មក​ក្រសួង​សាធារណការ និង ដឹកជញ្ជូន ដើម្បី​អាច​ចុះបញ្ជី​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​បាន​។ ក្រសួង​បាន​ទទួល​បញ្ជី​ឈ្មោះ ប្រតិបត្តិករ​បញ្ជូន​ទំនិញ (Principal) ពី​អគ្គ​នាយកដ្ឋាន​គយ និង រដ្ឋាករ​កម្ពុជា​រួចហើយ និង​បាន​ផ្ញើ​លិខិត​ឱ្យ​បញ្ជូន​ប្រតិបត្តិករ​ដឹកជញ្ជូន​របស់​ខ្លួន មក​ចុះបញ្ជី​ដើម្បី​យក​លិខិត​អនុញ្ញាត​ឆ្លង​ដែន តែ​មិន​ទាន់​មាន​ក្រុមហ៊ុន​មក​ចុះបញ្ជី​នៅឡើយ​។

ខ​. កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ស្តីពី​ការដឹកជញ្ជូន​ដោយ​ពហុ​រូបភាព (ASEAN Framework Agreement on Multimodal Transport - AFAMT)

  • កិច្ចព្រមព្រៀង​នេះ មាន​គោលបំណង​សម្របសម្រួល​ការដឹកជញ្ជូន​ទំនិញ ដែល​ធ្វើឡើង​តាម​មធ្យោបាយ​ដឹកជញ្ជូន​លើស​ពី​មួយ​ប្រភេទ ដូចជា តាម​រថយន្ត បន្ត​ទៅ​រថភ្លើង បន្ត​ទៅ​កប៉ាល់ ក្រោម​កិច្ចសន្យា​រួម​តែ​មួយ និង​ប្រតិបត្តិករ​ទទួលខុសត្រូវតែ​មួយ
  • ARISE Plus កំពុង​ជួយ​ពិនិត្យ​ច្បាប់ បទដ្ឋាន​គតិយុត្ត​នៃ​បណ្តា​ប្រទេស​នីមួយ​ៗ ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​នេះ យ៉ាង​យូរ​ឆ្នាំ​២០២២ ​តាម​ផែនការ​កំណត់​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ដឹកជញ្ជូន​អាស៊ាន (Kuala Lumpur Transport Strategic Plan​, 2025)​។

គម្រោង​នេះ ក៏​មាន​ជួប​នូវ​បញ្ហា​ប្រឈម រួមមា​ន៖

  • បញ្ហា​ជំងឺ​កូវីដ​-​១៩ បាន​រារាំង​ដល់​ការពន្លឿន​ការអនុវត្ត​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​នានា ដោយ​យន្តការទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​-​១៩ ដែល​ត្រូវបាន​ដាក់ចេញ
  • ប្រព័ន្ធ ASEAN Customs Transit System (ACTS) ត្រូវបាន​រៀបចំឡើង និង​ត្រូវបាន​អនុវត្ត​ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង ASEAN Framework Agreement on the Facilitation of Goods In Transit (AFAFGIT) ប៉ុន្តែ​ត្រូវ​ជួបប្រទះ​បញ្ហា​មួយចំនួន ជាពិសេស​ខ្វះ​ការចូលរួម​ពីសំណាក់​វិស័យ​ឯកជន
  • មិន​ទាន់​មាន​លិខិត​បទដ្ឋាន សម្រាប់​អនុវត្ត​កិច្ចព្រមព្រៀង AFAMT​។

ឆ្លើយតប​នឹង​បញ្ហា​នេះ ក្រុមការងារ​ក៏​បាន​ស្នើ​នូវ​ដំណោះស្រាយ​មួយចំនួន​រួមមាន៖

  • កិច្ច​ពិភាក្សា​នានា​ត្រូវបាន​រៀបចំឡើង ដើម្បី​ពន្លឿន​ការអនុវត្ត​កិច្ចព្រមព្រៀង​ដឹកជញ្ជូន និង​សម្របសម្រួល​ដល់​ភាគី​ពាក់ព័ន្ធ​សម្រាប់​ការអនុវត្ត
  • ក្រុមការងារ ARISE Plus បាន​កំពុង​សហការ​ជាមួយ​លេខាធិការដ្ឋាន​អាស៊ាន ក្នុង​ការទាក់ទាញ​វិស័យ​ឯកជន​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ ACTS
  • យន្តការអនុវត្ត​កិច្ចព្រមព្រៀង AFAMT ត្រូវបាន​រៀបចំឡើង​ដោយ ARISE Plus ដែល​នឹង​គាំទ្រ​ប្រទេស​កម្ពុជា​ក្នុង​រៀបចំ​លិខិត​បទដ្ឋាន​ចាំបាច់​នានា ដើម្បី​ពន្លឿន​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ (ARISE Plus បាន​កំពុង​ជួយ​ពិនិត្យ​ច្បាប់​បទដ្ឋាន​គតិយុត្ត​នៃ​បណ្តា​ប្រទេស នីមួយ​ៗ ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ត្រឹម​ឆ្នាំ​២០២២ ​តាម​ផែនការ​កំណត់​ក្នុង​ផែនការ​យុទ្ធសាស្រ្ត​ដឹកជញ្ជូន​អាស៊ាន (Kuala Lumpur Transport Strategic Plan​, 2025)​។