គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មក្រុងព្រះសីហនុ(SHV-LC) (P23-S2)
គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC) ត្រូវបានរៀបចំដោយនាយកដ្ឋានសហប្រតិបត្តិការភ័ស្តុភារកម្ម នៃអគ្គនាយកដ្ឋានភ័ស្តុភារកម្ម ដោយទទួលបានជំនួយបច្ចេកទេស ព្រមទាំងការសិក្សាបុរេសមិទ្ធិលទ្ធភាព (Pre-Feasibility -PFS) ពីស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៃធនាគាពិភពលោក (World Bank) ដោយមានការគាំទ្រ និងសម្របសម្រួលដោយអង្គភាពកណ្តាលភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP Unit) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គោលបំណងសំខាន់នៃការធ្វើ PFS នេះគឺ៖
- បង្កើនសមត្ថភាព និងប្រសិទ្ធភាពក្នុងការដឹកជញ្ជូនទំនិញចេញ-ចូលនៅកំពង់ផែក្រុងព្រះសីហនុ និងក្នុងមជ្ឈមណ្ឌលភ័ស្តុភារកម្ម
- ផ្តល់ដំណោះស្រាយផ្នែកភ័ស្តុភារកម្មនៅក្នុងប្រទេសសម្រាប់រយៈពេលវែងក្នុងការដឹកជញ្ជូនទំនិញចេញ-ចូល ក្នុងនិងក្រៅប្រទេស (Inbound and Outbound Freight)
- បង្កើនប្រសិទ្ធភាពក្នុងការធ្វើពាណិជ្ជកម្មជាមួយប្រទេសក្នុង និងក្រៅតំបន់ តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធ និងប្រតិបត្តិការសេវាភ័ស្តុភារកម្ម តាមលក្ខណៈស្តង់ដារអន្តរជាតិ
- បង្កើនគុណតម្លៃ (Value-added) សេវាភ័ស្តុភារកម្មតាមរយៈការបង្កើនការរក្សាគុណភាពនៃទំនិញឆ្លងកាត់មជ្ឈមណ្ឌលភ័ស្តុភារកម្ម
- កាត់បន្ថយថ្លៃដើមក្នុងការចំណាយលើការដឹកជញ្ជូនទំនិញចេញ-ចូល ឆ្លងកាត់មជ្ឈមណ្ឌលភ័ស្តុភារកម្ម
- រៀបចំប្រទេសកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលភ័ស្តុភារកម្មមួយក្នុងតំបន់អាស៊ាន។
គម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC) គ្រោងនឹងដាក់ស្នើជាផ្លូវការ ឆ្លង “គណៈកម្មការអន្តរក្រសួងដឹកនាំគោលនយោបាយស្តីពីការអភិវឌ្ឍយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន” ដើម្បីពិនិត្យនិងសម្រេចក្នុងការបន្តការសិក្សា Full Feasibility Study (FFS) ដែលស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នឹងធ្វើការសិក្សាទៅលើច្បាប់, បច្ចេកវិទ្យា និងពាណិជ្ជកម្ម ដើម្បីផ្តល់នូវជម្រើសប្រភេទ PPP ដែលប្រសើរបំផុត ក៏ដូចជាផ្តល់នូវយុទ្ធសាស្ត្រទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធក្នុងការជួយគម្រោង, រៀបចំឯកសារដេញថ្លៃនិងផ្តល់នូវប្រឹក្សាទីផ្សារបន្តទៀតជាមួយសក្តានុពលវិនិយោគិនបរទេសឱ្យចាប់អារម្មណ៍លើគម្រោងនេះ។
- ក្រុមការងារបច្ចេកទេស IFC ត្រូវបានជ្រើសរើស ដើម្បីធ្វើការសិក្សាបុរេសមិទ្ធិលទ្ធភាពលើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC) និង Country Manager របស់ IFC បានពិភាក្សាលើកិច្ចសន្យាសេវាកម្មការផ្តល់ប្រឹក្សាហិរញ្ញវត្ថុ (Financial Advisory Service Agreement)។ បន្ទាប់មក IFC និងអគ្គនាយកដ្ឋានភ័ស្តុភារកម្ម ក៏បានរៀបចំកិច្ចប្រជុំជាលើកដំបូង (Kick-off Meeting) ដើម្បីពិនិត្យ និងពិភាក្សាបន្តទៀត។
គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC) ត្រូវបានដាក់ស្នើទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីដាក់គម្រោងនេះទៅក្នុងក្របខ័ណ្ឌគម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។ - ដោយសារតែបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ និងភាពមិនច្បាស់លាស់នៃទីតាំងដីនៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ធ្វើឱ្យគម្រោងនេះត្រូវបានពន្យារពេល។
- អគ្គនាយកដ្ឋានភ័ស្តុភារកម្ម (GDL), ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងសាជីវកម្មហិរញ្ញអន្តរជាតិ IFC (International Finance Corporation) បានពិនិត្យទៅលើវិធីសាស្រ្តថ្មី (New Approach) របស់ IFC ក្នុងការរៀបចំធ្វើការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) នៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC) ដោយដាក់បញ្ជូលការសិក្សាទីតាំងទៅក្នុងការសិក្សាសមិទ្ធិលទ្ធភាពតែម្តង ។
- គម្រោង SHV-LC ត្រូវបានកំណត់ដោយផែនការមេភ័ស្តុភារកម្ម ដែលធ្វើការសិក្សាដោយ JICA ហើយការសិក្សាផែនការមេផ្សេងទៀត (Free Port) គួរតែមានសង្គត្តភាព (Consistence) ជាមួយនឹងផែនការមេដែលបានធ្វើកន្លងមក ហើយក្នុងករណីនេះគឺ JICA ជាអង្គភាពតែមួយដែលបានធ្វើការងារនេះ។
- ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសុំជាផ្លូវការទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើការសិក្សាសមិទ្ធិលទ្ធភាព (Feasibility study) និងទទួលបានការឯកភាពនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ព្រមទាំងណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យសេចក្តីព្រាងកិច្ចព្រមព្រៀងសេវាកម្មទីប្រឹក្សាប្រតិបត្តការ (Financial Advisory Service Agreement-FASA)។