សិក្ខាសាលាបណ្តុះបណ្តាល និងចែករំលែកចំណេះដឹងក្នុងការកសាងសមត្ថភាព និងពង្រឹងស្ថាប័នដើម្បីរៀបចំក្របខណ្ឌត្រួតពិនិត្យនិងវាយតម្លៃវិស័យភ័ស្តុភារកម្ម និងទិន្នន័យភ័ស្តុភារកម្មនៅប្រទេសកម្ពុជា-ឡាវ-វៀតណាម (វគ្គទី២)
២៥ ឧសភា ២០២២
ភ្នំពេញ៖ ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាល និងចែករំលែកចំណេះដឹង ក្នុងការកសាងសមត្ថភាព និងពង្រឹងស្ថាប័ន ដើម្បីរៀបចំក្របខណ្ឌត្រួតពិនិត្យ និងវាយតម្លៃវិស័យភស្តុភារកម្ម និងទិន្នន័យភស្តុភារកម្មនៅកម្ពុជា និងកិច្ចសហការរវាង កម្ពុជា-ឡាវ-វៀតណាម (វគ្គ២)។
សិក្ខាសាលានេះរៀបចំឡើងដោយអគ្គនាយកដ្ឋានភស្តុភារកម្ម តាមរយៈគម្រោងសហប្រតិបត្តិការបច្ចេកទេស នៃមូលនិធិសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ(MKCF) ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២២ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីសិក្ខាកាមសរុប ប្រមាណ៦០នាក់ ក្នុងនោះមាន៖ តំណាងក្រសួងដឹកជញ្ជូននៃប្រទេសវៀតណាម តំណាងក្រសួង សាធារណការ និងដឹកជញ្ជូននៃប្រទេសឡាវ តំណាងវិទ្យាស្ថានមេគង្គ អ្នកជំនាញជាតិនិងអន្តរជាតិ ផ្នែកភស្តុភារកម្ម អគ្គនាយកដ្ឋានពាក់ព័ន្ធ ក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ សមាគមភស្តុភារកម្មកម្ពុជា(CLA) និងសមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា(CAMTA)ផងដែរ។
សិក្ខាសាលានេះផ្តោតជាសំខាន់លើខ្លឹមសារសំខាន់ៗជាអាទិ៍៖ ១) សន្ទស្សន៍នៃការអនុវត្តភស្តុភារកម្មសកល ២) ការវាស់ស្ទង់ និងតាមដានការអនុវត្តភស្តុភារកម្មតាមច្រករបៀងដឹកជញ្ជូន ៣) ការព្យាករណ៍ និងរៀបចំដំណោះស្រាយគំរូ(Modeling Approach) សម្រាប់លំហូរទំនិញ/កុងតឺន័រ និងតម្លៃផ្សេងៗក្នុងវិស័យភស្តុភារកម្ម ៤) ការអនុវត្តជាក់ស្តែងលើលំហាត់ដែលដាក់ឱ្យសិក្ខាកាមពិភាក្សាជាក្រុម រួមទាំង ករណីសិក្សាមួយចំនួនក្នុងបណ្តាប្រទេសនៃតំបន់អាស៊ី។