សិក្ខាសាលាបណ្តុះបណ្តាល និងចែករំលែកចំណេះដឹងលើទំនើបកម្មការប្រមូល និងគ្រប់គ្រងទិន្នន័យភ័ស្តុភារកម្មនៅសាធារណរដ្ឋកូរ៉េ
២៧ មីនា ២០២៣
ទីក្រុងសូល សាធារណរដ្ឋកូរ៉េ៖ ថ្ងៃទី២៧-៣១ ខែមីនា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានភ័ស្តុភារកម្ម ដឹកនាំដោយឯកឧត្តម ឈៀង ពេជ្រ អគ្គនាយក បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល និងចែករំលែកចំណេះលើទំនើបកម្មការប្រមូល និងគ្រប់គ្រងទិន្នន័យភ័ស្តុភារកម្ម នៅសាធារណរដ្ឋកូរ៉េ ។
អគ្គនាយកដ្ឋានភ័ស្តុភារកម្ម បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី Modernization of Logistics Data Collection and Management: Knowledge Sharing and Exchange Visit រយៈពេល ៥ថ្ងៃ ក្រោមគម្រោង Capacity building and institutional strengthening for Logistics Monitoring and Evaluation Database Development in Cambodia and CLV Countries ក្រោមក្របខណ្ឌមូលនិធិសហប្រតិបត្តិការមេគង្គ (MKCF)។ សិក្ខាសាលានេះមានការចូលរួមពីមន្ត្រីរាជការចំណុះ អគ្គនាយកដ្ឋានភ័ស្តុភារកម្ម និងមន្ត្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ប្រទេសឡាវ និងក្រសួងដឹកជញ្ជូននៃប្រទេសវៀតណាមផងដែរ។ គោលបំណងនៃសិក្ខាសាលាបណ្តុះបណ្តាល និងចែករំលែកចំណេះដឹង រួមមាន(១)ពង្រឹងសមត្ថភាព និងចែករំលែកបទពិសោធន៍ និងចំណេះដឹងរបស់ភាគីពាក់ព័ន្ធក្នុងការត្រួតពិនិត្យ និងវាយតម្លៃ ប្រព័ន្ធ និងទិន្នន័យភស្តុភារកម្ម ក្នុងប្រទេសកម្ពុជា ប្រទេសឡាវ វៀតណាម និងសាធារណរដ្ឋកូរ៉េ និងផ្លាស់ប្ដូបទពិសោធន៍វិស័យភស្តុភារកម្មទំនើបនៅសាធារណរដ្ឋកូរ៉េ តាមរយៈទស្សនកិច្ចសិក្សា។
សិក្ខាសាលា និងទស្សនកិច្ចសិក្សានេះ គឺមានបានផ្តោតសំខាន់ទៅលើប្រធានបទមួយចំនួនដូចជា ៖ (១)ការអភិវឌ្ឍមជ្ឍមណ្ឌលភស្តុភារកម្ម (២)ការគណនាតម្លៃភស្តុភារកម្មធៀបនឹងផលិតផលក្នុងស្រុកសរុប (៣)ច្បាប់ភស្តុភារកម្ម និងប្រព័ន្ធភស្តុភារកម្ម នៅសាធារដ្ឋកូរ៉េ (៤)ពាណិជ្ជកម្មអេឡិចត្រូនិច និងការដឹកជញ្ជូនចុងក្រោយ និង(៥)ការប្រមូល និងប្រើប្រាស់ទិន្នន័យភូមិសាស្ត្រ។
ក្នុងសិក្ខាសាលានេះ សិក្ខាកាមមានឱកាសស្វែងយល់បន្ថែមអំពីវិស័យភ័ស្តុភារកម្ម នៅសាធារណរដ្ឋកូរ៉េ ដោយបានចុះទស្សនកិច្ចសិក្សាផ្ទាល់នូវទីតាំងប្រតិបត្តិការវិស័យភស្តុភារកម្មមួយចំនួនដូចជា៖(១)ស្ថានីយអ្នកដំណើរអន្តរជាតិនៃកំពង់ផែអ៊ីនឆុន (Incheon International Ferry Terminal) (២)កំពង់ផែផ្នែកខាងក្នុងនៃកំពង់ផែអ៊ីនឆុន (Incheon Inner Port) (៣)មជ្ឈមណ្ឌលភស្តុភារកម្មឆ្លាតវៃរបស់ក្រុមហ៊ុន SINL និងក្រុមហ៊ុន SNCT (Sun Kwang Container Terminal)។
ចុងបញ្ចប់នៃសិក្ខាសាលាបណ្តុះបណ្តាល និងចែករំលែកចំណេះដឹងនេះ ឯកឧត្តមអគ្គនាយក ឈៀង ពេជ្រ បានថ្លែងអំណរគុណជូនដល់ក្រុមការងាររៀបចំសិក្ខាសាលានេះ ដែលបានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល និងចែករំលែកចំណេះដឹង និងជូនដល់ការចូលរួមពីមន្ត្រីរាជការពីប្រទេសឡាវ និងប្រទេសវៀតណាម ដែលបានចំណាយពេលវេលា ចូលរួមសិក្ខាសាលានេះ។