MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

សិក្ខាសាលា​ផ្សព្វ ផ្សាយ​ក្រោម​ប្រធានបទ៖ ការកសាង​សមត្ថភាព និង​ពង្រឹង​ស្ថាប័ន ដើម្បី​រៀបចំ​ក្របខណ្ឌ​ត្រួតពិនិត្យ និង វាយតម្លៃ​វិស័យ​ភស្តុភារ​កម្ម

៣០ សីហា ២០២១

ឯកឧត្តម តូច ចាន់​កុសល រដ្ឋលេខាធិការ​ប្រចាំ​ការ អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បើក​សិក្ខាសាលា​ផ្សព្វ ផ្សាយ​ក្រោម​ប្រធានបទ៖ ការកសាង​សមត្ថភាព និង​ពង្រឹង​ស្ថាប័ន ដើម្បី​រៀបចំ​ក្របខណ្ឌ​ត្រួតពិនិត្យ និង វាយតម្លៃ​វិស័យ​ភស្តុភារ​កម្ម តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ

ថ្ងៃចន្ទ ៧​រោច ខែ​ស្រា​ពណ៍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.ស.២៥៦៥ ត្រូវនឹង​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២១ ឯកឧត្តម តូច ចាន់​កុសល រដ្ឋលេខាធិការ​ប្រចាំ​ការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់​ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ ក្រោម​ប្រធានបទ៖ ការកសាង​សមត្ថភាព និង​ពង្រឹង​ស្ថាប័ន ដើម្បី​រៀបចំ​ក្របខណ្ឌ​ត្រួតពិនិត្យ និង​វាយតម្លៃ​វិស័យ​ភស្តុភារ​កម្ម ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ទទួលបន្ទុក​។

សិក្ខាសាលា​នេះ​រៀបចំឡើង​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សហការ​ជាមួយ​វិទ្យាស្ថាន​មេគង្គ ដែល​មាន​ការចូលរួម​ពី​សិក្ខាកាម​ចំនួន​៧០​រូប អញ្ជើញ​មកពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍ ផ្នែក សិក្សាធិការ វិស័យ​ឯកជន និង​សិក្ខាកាម​អន្តរជាតិ​អញ្ជើញ​មកពី​វិទ្យាស្ថាន​មេគង្គ មន្ត្រី​ក្រសួង​សាធារណ ​ការ និង​ដឹកជញ្ជូន​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ឡាវ តាម ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​។

សិក្ខាសាលា​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​លើកកម្ពស់​សមត្ថភាព​មន្ត្រី​របស់​រដ្ឋាភិបាល ក្នុង​ការ អភិវឌ្ឍ​មូលដ្ឋាន​ទិន្នន័យ​ភស្តុភាកម្ម និង​ក្របខណ្ឌ​តាមដាន​វាយតម្លៃ​វិស័យ​ភស្តុភាកម្ម​នៅក្នុង​តំបន់​មេគង្គ ជាពិសេស​កម្ពុជា វៀតណាម និង​ឡាវ អភិវឌ្ឍ​គោល​ការណែនាំ​អំពី​ការវាយតម្លៃ​និង​តាមដាន​វិស័យ ភស្តុភារ​កម្ម​នៅ​កម្ពុជា​និង​នៅ​តំបន់​មេគង្គ អភិវឌ្ឍ​ប្រព័ន្ធ​មូលដ្ឋាន​ទិន្នន័យ​រួម​សម្រាប់​តំបន់​មេគង្គ ដើម្បី​ធានា​ការអភិវឌ្ឍ​វិស័យ​ភស្តុភារ​កម្ម​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា និង​តំបន់​មេគង្គ​។

ថ្លែង​ក្នុង​សន្ទរកថា​ស្វាគមន៍​នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំ​ការ បាន​គូសបញ្ជាក់​ថា៖ ក្រសួង សាធារណការ និង​ដឹកជញ្ជូន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សង្ឃឹម​យ៉ាង​មុតមាំ​ថា៖ សិក្ខាសាលា​នេះ​នឹង ផ្ដល់​កាលានុវត្តភាព​ដល់​ការកសាង​សមត្ថភាព ការគ្រប់គ្រង តាមដាន និង​វាយតម្លៃ​វិស័យ​ភស្តុភាកម្ម ក៏​ដូចជា​ពង្រឹង​ទំនាក់ទំនង​ជាមួយនឹង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៃ​សាធារណរដ្ឋ​សង្គម​និយម វៀតណាម និង​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ​បន្ថែម​ទៀត​៕

image1.jpg