ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម(NESDC)នៃព្រះរាជាណាចក្រថៃ
១៩ កក្កដា ២០២២
បាងកក៖ ថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវរដ្ឋលេខាធិការ កុយ សុដានី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អមដំណើរដោយគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម(NESDC)នៃព្រះរាជាណាចក្រថៃ។ ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់នេះ ធ្វើឡើងដោយការស្ម័គ្រចិត្តសម្រាប់កិច្ចសហប្រតិបត្តិការលើផ្នែកគោលនយោបាយ និងការគាំទ្រលើវិសាលភាព និងទិសដៅគន្លឹះជាអាទិ៍៖
១) កម្រិតក្របខណ្ឌគោលនយោបាយរួមមានគោលនយោបាយភស្តុភារកម្ម ក្របខណ្ឌគតិយុត្ត និងបទប្បញ្ញត្តិ ក្របខណ្ឌស្ថាប័ន យន្តការសម្របសម្រួល និងការសម្រេចចិត្តដំណើរការនៃការអនុវត្ត តាមដាន និងវាយតម្លៃគោលនយោបាយ
២) សូចនាករ និងប្រព័ន្ធផ្ទុកទិន្នន័យភស្តុភារកម្ម រួមមានថ្លៃចំណាយភស្តុភារកម្មធៀបនឹងកំណើនផលិតផលក្នុងស្រុកសរុប (Logistics Cost per GDP) និងសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម (LPI: Logistics Performance Index)
៣) គាំទ្រគ្នាទៅវិញទៅមកក្នុងការពង្រឹងសមត្ថភាពស្ថាប័ន និងសមត្ថភាពរបស់ភាគីពាក់ព័ន្ធក្នុងវិស័យភស្តុភារកម្ម៕