សិក្ខាសាលាកសាងសមត្ថភាពក្រោមគម្រោង Establishment of a Comprehensive Plan for a Cross-Border Checkpoint Facility at Cambodia’s International Border Trapeang Srae នៅសាធារណរដ្ឋកូរ៉េ
២៧ មីនា ២០២៣
ទីក្រុងសូល សាធារណរដ្ឋកូរ៉េ៖ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឈៀង ពេជ្រ អគ្គនាយក នៃអគ្គនាយកដ្ឋានភ័ស្តុភារកម្ម បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសចំណុះអគ្គនាយកដ្ឋានភស្តុភារកម្ម ព្រមជាមួយការចូលរួមពីអាជ្ញាធរតំណាងមកពីច្រកទ្វាព្រំដែនអន្តរជាតិត្រពាំងស្រែ ចូលរួមសិក្ខាសាលាកសាងសមត្ថភាពមន្រ្តីរាជការ នៅសាធារណរដ្ឋកូរ៉េ។
សិក្ខាសាលាកសាងសមត្ថភាពរយៈពេល ៧ថ្ងៃនេះរៀបចំឡើងដោយក្រុមការងាររបស់ក្រុមហ៊ុន SAMOOCM ARCHITECTS & ENGINEERS ក្រោមគម្រោង Establishment of a Comprehensive Plan for a Cross-Border Checkpoint Facility at Cambodia’s International Border Trapeang Srae ដែលជាគម្រោងស្ថិតក្នុងក្របខណ្ឌជំនួយអភិវឌ្ឍន៍ផ្លូវការ តាមរយៈក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ។ ក្នុងអំឡុងពេលនៃសិក្ខាសាលា និងទស្សនកិច្ចសិក្សានេះ គឺមានការបណ្ដុះបណ្ដាលចែករំលែកបទពិសោធន៍ និងចំណេះដឹងលើប្រធានបទដូចជា (១)ការព្យាករណ៍តម្រូវភ័ស្តុភារកម្ម (២)ការរៀបចំផែនការក្នុងការរៀបចំអគាររដ្ឋបាលនៅច្រកទ្វារព្រំដែន (៣)ប្រព័ន្ធច្បាប់គោលនយោបាយគយរបស់សាធារណរដ្ឋកូរ៉េ (៤)កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា។
សិក្ខាសាលាកសាងសមត្ថភាពនេះ ក៏បានផ្ដល់ឱកាសឱ្យសិក្ខាកាម ស្វែងយល់បន្ថែមអំពីវិស័យភ័ស្តភារកម្ម នៅសាធារណរដ្ឋកូរ៉េ ដោយបានចុះទស្សនកិច្ចសិក្សាផ្ទាល់នូវទីតាំងប្រតិបត្តិការវិស័យភស្តុភារកម្មមួយចំនួនដូចជា៖(១)ស្ថានីយអ្នកដំណើរអន្តរជាតិនៃកំពង់ផែអ៊ីនឆុន (Incheon International Ferry Terminal) (២)កំពង់ផែផ្នែកខាងក្នុងនៃកំពង់ផែអ៊ីនឆុន (Incheon Inner Port) (៣)មជ្ឈមណ្ឌលភស្តុភារកម្មឆ្លាតវៃរបស់ក្រុមហ៊ុន SINL និងក្រុមហ៊ុន SNCT (Sun Kwang Container Terminal)។
ចុងបញ្ចប់នៃសិក្ខាសាលាកសាងសមត្ថភាពនេះ ឯកឧត្តមអគ្គនាយក ឈៀង ពេជ្រ បានថ្លែងអំណរគុណជូនដល់ក្រុមការងាររៀបចំសិក្ខាសាលានេះ ជាពិសេសដល់ក្រុមហ៊ុន SAMOOCM ARCHITECTS & ENGINEERS ដែលបានទទួលស្វាគមន៍យ៉ាងដិតដល់ និងបានរៀបចំការបណ្ដុះបណ្ដាលរំលែកបទពិសោធន៍ និងចំណេះដឹង មកកាន់ប្រទេសកម្ពុជា។