MPWT logo

អគ្គនាយកដ្ឋាន​ភស្តុភារកម្ម

លេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម

ក​សាង​សមត្ថភាព​ការងារ​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ (M&E) របស់​មន្រ្តី​អគ្គ​នាយកដ្ឋាន​ភ័ស្តុភារ​កម្ម

គម្រោង​សហប្រតិបត្តិការ​បច្ចេកទេស​ JICA ​ដំណាក់កាល​ទី​១ បាន​ចាប់ផ្តើម​ឡើង​នៅ​ខែតុលា ឆ្នាំ​២០១៨ ដើម្បី​កសាង​សមត្ថភាព​ធនធាន​មនុស្ស​លើ​ផ្នែក​គោលនយោបាយ និង​បទប្បញ្ញត្តិ​ក្នុង​វិស័យ​ភ័ស្តុភារកម្ម​នៅក្នុង​អគ្គ​នាយកដ្ឋាន​ភ័ស្តុភារ​កម្ម និង​បាន​បញ្ចប់​នៅ​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២០​។ ដំណាក់កាល​ទី​២ នៃ​គម្រោង​បាន​បន្ត​អនុវត្ត​ចាប់ពី​ចុង​ឆ្នាំ​២០២០ និង​រហូតមកដល់​បច្ចុប្បន្ន​។
គម្រោង​នេះ បាន​ផ្តល់​ជំនួយ​បច្ចេកទេស ដើម្បី​ផ្តល់​នូវ​ជំនាញ​បច្ចេកទេស​ផ្នែក​រៀបចំ​ប្រមូល​និង​គ្រប់គ្រង​ទិន្នន័យ​ភ័ស្តុភារ​កម្ម​នៅ​កម្ពុជា​។ គោលបំណង​សំខាន់​នៃ​ការបង្កើត​មូលដ្ឋាន​ទិន្នន័យ​ភ័ស្តុភារ​កម្ម​គឺ​ដើម្បី៖ (១) តាមដាន​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ផែនការ​មេភ័ស្តុភារ​កម្ម​, (​២​) ស្វែងយល់​ពី​ផលប៉ះពាល់​លើ​វិស័យ​ភ័ស្តុភារ​កម្ម​, (​៣​) វាយតម្លៃ​ផលប៉ះពាល់​លើ​ធុរកិច្ច និង (​៤​) វាយតម្លៃ​ផលប៉ះពាល់​រួម​លើ​ផ្នែក​សេដ្ឋកិច្ច​។

តាមរយៈ​វគ្គ​បណ្តុះបណ្តាល “​ការអនុវត្ត​ការងារ​បណ្តើរ និង​បណ្តុះបណ្តាល​បណ្តើរ​ (On Job Training)” ក្នុង​ដំណាក់កាល​ទី​២ ក្នុង​ឆ្នាំ​២០២១​នេះ ផ្តោត​សំខាន់​ទៅលើ​ការរៀបចំ​របាយការណ៍​ភ័ស្តុភារ​កម្ម​ប្រចាំ​ឆ្នាំ ដែល​បណ្តុះបណ្តាល​ដោយ​គ្រូបង្គោល JICA ដល់​មន្ត្រី​បច្ចេកទេស​ក្នុង​នាយកដ្ឋាន​អង្កេត និង​បូកសរុប នៃ​អគ្គ​នាយកដ្ឋាន​ភ័ស្តុភារ​កម្ម ក្នុង​ការប្រមូល​ទិន្នន័យ​ពី​ស្ថាបន័ពាក់ព័ន្ធ​ទាំង​វិស័យ​រដ្ឋ​និង​ឯកជន​, រក្សាទុក​ទិន្នន័យ​, សរសេរ​របាយការណ៍​, រៀបចំ​ចងក្រង និង​ផ្សព្វផ្សាយ​របាយការណ៍​។ ទិន្នន័យ​នេះ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់ ដើម្បី​សិក្សា និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​វិស័យ​ភ័ស្តុភារ​កម្ម និង​ជា​មូលដ្ឋាន​សម្រាប់​រាជ​រដ្ឋាភិបាល​ក្នុង​ការរៀបចំ​គោលនយោបាយ ដែល​សមស្រប​បាន​ទាន់​ពេលវេលា​។ ម៉្យាង​វិញ​ទៀត ទិន្នន័យ​ភ័ស្តុភារ​កម្ម​ក៏​អាច​ជួយ​សម្រួល​ដល់​ការសន្ទនា​ដ៏​មាន​សារៈសំខាន់​រវាង​រដ្ឋ និង​វិស័យ​ឯកជន​។