គម្រោងទំនើបកម្មរថយន្ដដឹកទំនិញធុនធ្ងន់ (ដំណាក់កាលទី១) (P43-S1)
នៅប្រទេសកម្ពុជា ពុំមានការដាក់កំហិតច្រើនលើអាយុកាល និងបទដ្ឋានបញ្ចេញឧស្ម័ននៃរថយន្តដឹកទំនិញធុនធ្ងន់នៅឡើយទេ។ រថយន្តដឹកទំនិញភាគច្រើន ជាប្រភេទរថយន្តមួយទឹកដែលមានប្រភពនាំចូលពីប្រទេសផ្សេងៗ។ រថយន្តដឹកទំនិញនៅកម្ពុជាជាប្រភេទរថយន្តប្រើប្រេងម៉ាស៊ូត និងមួយទឹកដែលបញ្ចេញឧស្ម័ន CO2 ច្រើន និងចំណាយលើប្រតិបត្តិការ និងការថែទាំមានតម្លៃថ្លៃ។ ការបង្កើតគោលនយោបាយដ៏ល្អប្រសើរមួយ ពិតជាមានសារៈសំខាន់ណាស់ក្នុងការជំនួសការប្រើប្រាស់រថយន្តចាស់ៗ ដោយរថយន្តថ្មីវិញ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយឧស្ម័ន CO2 ព្រមទាំងកាត់បន្ថយចំណាយលើប្រតិបត្តិការ និងការថែទាំ។ គម្រោងនេះមានគោលបំណងស្វែងយល់ពីផលប្រយោជន៍សេដ្ឋកិច្ច, បរិស្ថាន និងសង្គម ក្នុងការប្រើប្រាស់រថយន្តដឹកទំនិញ (ចាស់ ឬថ្មី) នៅក្នុងវិស័យសាធារណៈ និងឯកជន។
គម្រោងទំនើបកម្មរថយន្ដដឹកទំនិញធុនធ្ងន់ ត្រូវបានអនុវត្តដោយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដោយផ្តល់នូវអត្ថប្រយោជន៍រួមមាន៖ (១) ជាមូលដ្ឋានទិន្នន័យក្នុងវិស័យដឹកជញ្ជូនទំនិញដែលរួមចំណែកដល់ការរៀបចំគម្រោងកែលម្អ/អភិវឌ្ឍន៍ផ្សេងៗ ដោយអគ្គនាយកដ្ឋានភ័ស្តុភារកម្មនិងក្រសួងពាក់ព័ន្ធ និង (២) រួមចំណែកសម្រួលដល់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងជំរុញសេវាកម្មល្អដល់អ្នកប្រើប្រាស់តាមរយៈការកែសម្រួលច្បាប់ចរាចរណ៍។
គម្រោងនេះ បានលើកឡើងពីបញ្ហាប្រឈមរួមមាន៖ រថយន្តដឹកទំនិញធុនធ្ងន់មួយចំនួន មានលក្ខណៈលើសប្រវែងបច្ចេកទេស ដោយក្នុងនោះ សមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា ជួបប្រទះការលំបាក ដោយរថយន្តសណ្តោងសឺមីរ៉ឺម៉ក (Semi-trailers) ត្រូវបានអនុញ្ញាតត្រឹម ១៦ម៉ែត្រ ខណៈដែលរថយន្តមួយចំនួនដែលមានប្រវែង ១៦,៧ម៉ែត្រ ត្រូវធ្វើការស្នើសុំការអនុញ្ញាត។ ឆ្លើយតបនឹងបញ្ហានេះ ក្រុមការងារក៏បានស្នើនូវដំណោះស្រាយរួមមាន ការរៀបចំធ្វើវិសោធនកម្មច្បាប់។