គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្មំពេញ (PP-LC) (P23-S1)
រាជធានីភ្នំពេញគឺជាទីតាំងសម្រាប់ការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្ម ដែលមានអំណោយផលជាច្រើន តាមរយៈមុខងារភ័ស្តុភារកម្មគោលសំខាន់ៗរួមមាន៖ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន ស្ថានីយរថភ្លើងកណ្តាលក្រុង ផែស្ងួត និងកំពង់ផែទន្លេសំខាន់ៗ។
គម្រោងមជ្ឈមណ្ឌលភ័ស្ដុភារកម្មភ្នំពេញ (PPLC) ត្រូវបានរៀបចំឡើងដោយនាយកដ្ឋានសហប្រតិបត្តិការភ័ស្ដុភារកម្ម នៃអគ្គនាយកដ្ឋានភ័ស្ដុភារកម្ម ដោយទទួលបានជំនួយបច្ចេកទេស ព្រមទាំងការសិក្សាបុរេសមិទិ្ធលទ្ធភាព (Pre-feasibility -PFS) ពីមូលនិធិរៀបចំគម្រោងសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក (AP3F) របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោមយន្ដការភាពជាដៃគូ រវាងរដ្ឋនិងឯកជន (PPP) ដោយមានការគាំទ្រ និងសម្របសម្រួលដោយអង្គភាពកណ្ដាលភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP Unit) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គំនិតចម្បងនោះ គឺដើម្បីឱ្យវិស័យឯកជនជួយរៀបចំ សាងសង់ ផ្តល់ហិរញ្ញប្បទាន និងប្រតិបត្តិការមជ្ឈមណ្ឌលភ័ស្តុភារកម្មលើដីដែលផ្តល់ដោយរដ្ឋទំហំ ៩៨ហិកតា។ ចំពោះទីតាំងសម្រាប់អភិវឌ្ឍមជ្ឈមណ្ឌលភ័ស្ដុភារកម្មភ្នំពេញដែល ADB ធ្វើការសិក្សា គឺមិនអាចអនុវត្តបាន ដោយហេតុថាការដោះស្រាយបញ្ហាដីធ្លីមានលក្ខណៈស្មុគ្រស្មាញ។ ក្នុងនោះដែរ រាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសយកក្រុមហ៊ុន YCH ដើម្បីសិក្សាសមិទ្ធិលទ្ធភាពពេញលេញ និងបញ្ចូលការសិក្សាទីតាំង ចូលក្នុងការសិក្សានេះផងដែរ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ Framework Agreement សម្រាប់គម្រោង PPLC ជាមួយនឹងក្រុមហ៊ុន YCH របស់ប្រទេសសិង្ហបុរី នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន។
បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំកិច្ចប្រជុំជាច្រើនរួមមាន៖
- កិច្ចប្រជុំលើកទីមួយ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ជាមួយក្រុមហ៊ុន YCH ដោយមានការចូលរួមពីសំណាក់ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (IA) របស់ប្រទេសសិង្ហបុរី និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺ៖ (១) រៀបចំយន្តការក្នុងការអនុវត្តគម្រោង PP-LC (២) បញ្ជាក់អំពីទីតាំងសក្តានុពល សម្រាប់គម្រោង PP-LC និងដៃគូសក្តានុពលក្នុងស្រុកជូនក្រុមហ៊ុន YCH និង (៣) ពិភាក្សាគ្នាអំពីជំហានបន្ទាប់។
- កិច្ចប្រជុំលើកទីពីរ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ដែលគោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺ៖ (១) ក្រុមហ៊ុន YCH បានធ្វើបច្ចុប្បន្នភាពលើវឌ្ឍនភាពការងារជាមួយ IFC និងការសិក្សាសមិទ្ធិលទ្ធភាព (២) ការបញ្ជាក់អំពីទីតាំងនៃគម្រោង PP-LC (៣) ភាពច្បាស់លាស់នៃទីតាំងដី (៤) ក្រុមហ៊ុនដៃគូដែលបានស្នើសម្រាប់អនុវត្តគម្រោង PP-LC និង (៥) ពិភាក្សាគ្នាអំពីជំហានបន្ទាប់។
ក្រុមហ៊ុន YCH បានជ្រើសរើសក្រុមហ៊ុន PricewaterhouseCoopers (PWC) របស់សិង្ហបុរីជាក្រុមហ៊ុន Consultant ហើយក្រុមហ៊ុន Worldbridge Group កម្ពុជាជាក្រុមហ៊ុនដៃគូក្នុងស្រុកផងដែរ។
ជារួម ទោះបីជាមានបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ក៏មិនបានធ្វើឱ្យមានការរាំងស្ទះដល់ការសិក្សាសមិទ្ធិលទ្ធភាពរបស់គម្រោង PP-LC នោះទេ ដោយគ្រោងបញ្ចប់តាមផែនការដែលកិច្ចប្រជុំចាប់ផ្តើមការសិក្សា (Kick-off) បានធ្វើឡើងនៅថ្ងៃទី២៩ ខែវិចិ្ឆកា ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារកម្មហើយនឹងគ្រោងបញ្ចប់ការសិក្សានៅត្រឹមសប្តាហ៍ទី២ ខែមេសាឆ្នាំ២០២២។